ភ្នំពេញ, សូមក្រាបថ្វាយបង្គំ សម្តេចព្រះមហាសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិទាំងអស់ជាទីស្នេហា និងជាទីនឹករលឹកដ៏ជ្រាលជ្រៅបំផុត!
នាឱកាសដ៏ប្រពៃថ្លៃថ្លាក្នុងការរំលឹកខួបទី១១០ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២១នេះ ខ្ញុំម្ចាស់ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តីសោមនស្សរីករាយក្រៃលែង សូមទូលថ្វាយនូវក្តីគោរពសក្ការៈ សម្តេចព្រះមហាសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងជម្រាបសួរសុខទុក្ខ ព្រម ទាំងសូមផ្ញើក្តីនឹករលឹកដល់បងប្អូន កូនចៅ ចៅទួតទាំងអស់នៅទូទាំងប្រទេស ដែលជានិច្ចកាល តែងតែនឹករលឹក គោរពស្រឡាញ់ និងផ្តល់នូវក្តីស្វាមីភ័ក្តថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្តី កតញ្ញូដ៏ជ្រាលជ្រៅថ្វាយ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងរូបខ្ញុំព្រះករុណាផ្ទាល់ ដែលកាយវិការ ដ៏វិសេសវិសាលនេះ ធ្វើឱ្យខ្ញុំម្ចាស់ ខ្ញុំព្រះករុណាខ្ញុំ ចងចាំ និងគោរពស្រឡាញ់មិនអាចបំភ្លេច កាយវិការ បាន។
ក្នុងទិវាដ៏ប្រសើរនេះ ខ្ញុំម្ចាស់ ខ្ញុំព្រះករុណាខ្ញុំ សូមសំដែងនូវការកោតសរសើរ និងសូមគាំទ្រ ការលើកយកនូវប្រធានបទ ស្ត្រី និងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩ សម្រាប់ការប្រារព្ធ ទិវាអន្តរជាតិនារី ឆ្នាំ២០២១នេះ ដែលជាប្រធានបទបានឆ្លើយតបនឹងតាមបរិបទបច្ចុប្បន្ន និងក្នុង គោលបំណងរំលេចពីតម្លៃ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ស្រ្តីក្នុងកិច្ចអភិវឌ្ឍនៅគ្រប់ កម្រិតគ្រប់វិស័យនិងគ្រប់កាលៈទេសៈដោយស្របតាមក្របខណ្ឌនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ ដែលរាជរដ្ឋាភិបាលបានចាត់ទុក ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ។
កន្លងមកនេះ ខ្ញុំព្រះករុណាខ្ញុំ បានកត់សម្គាល់ឃើញថា ការចូលរួមរបស់ស្ត្រីនៅក្នុងកិច្ចការ សាធារណៈ នយោបាយ និងឯកជនកាន់តែមានភាពប្រសើរឡើងជាបន្តបន្ទាប់ ដោយស្ត្រីនិងក្មេង ស្រីទទួលបានការអនុវត្តនូវសិទ្ធិពេញលេញ និងកាលានុវត្តភាពក្នុងការអភិវឌ្ឍចំណេះដឹង ជំនាញ បច្ចេកទេសនិងធនធានរបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សជាសកល ភាពជាដៃគូក្នុង ការរស់នៅក្នុងគ្រួសារនិងសង្គមប្រកបដោយសមភាពនិងសមធម៌ និងការចូលរួមប្រកបដោយ សក្តានុពលនៅក្នុងបរិបទនៃការវិវត្តន៍ថ្មីៗរបស់សង្គម។ ការរីកចម្រើនទាំងនេះ ត្រូវបានកើតចេញ ពីសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
នៅក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំម្ចាស់ ខ្ញុំព្រះករុណាខ្ញុំ សូមសំដែងនូវការកោតសរសើរ និងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ដឹកនាំក្រសួង-ស្ថាប័ន ចំពោះការយកចិត្តទុកដាក់ អនុវត្តគោលនយោបាយ ក្នុងអំឡុងវិបត្តិជា សកលនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវវិធានការយ៉ាងហ្មត់ចត់និងម៉ឺងម៉ាត់ និងបានធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងសភាពការណ៍បានល្អ និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន នានា និងបានឆ្លើយតប ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រីនិងក្រុមជនងាយរង គ្រោះ ក្នុងនោះការអនុវត្តគោលនយោបាយជាតិគាំពារសង្គម, ការដាក់ចេញវិធានការអន្តរាគមន៍ ជំនួយសង្គម, ការបង្កើនមូលធនថវិកា “សាច់ប្រាក់ពលកម្ម។ ដើម្បីជួយកម្មករនិយោជិតដែលបាន ព្យួរការងារ , កម្មវិធីជំនួយសង្គមពិសេសគឺ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរង គ្រោះក្នុងកំឡុងពេលកូវីដ១៩, ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិកក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេសជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហ គ្រាសធុនតូចនិងមធ្យមជាដើម ។ល។ នៅក្នុងបរិការណ៍កូវីដ-១៩នេះ តួនាទីរបស់ស្ត្រី ក៏ត្រូវបាន ទទួលស្គាល់ ជាអាទិភាព ដោយស្ត្រីបានបំពេញកិច្ចការជួរមុខក្នុងមន្ទីរពេទ្យ ការងារថែទាំសមាជិក និងក្រុមគ្រួសារ និងការអប់រំកូននៅតាមផ្ទះ។
ទន្ទឹមនឹងនេះ ដំណើរការយ៉ាងសកម្មរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី គណៈកម្មាធិការ ជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តីនិងគ្រួសារខ្មែរ និង យន្តការបញ្ជ្រាបយេនឌ័រនៅគ្រប់ កម្រិតនិងគ្រប់វិស័យ ក៏បាននឹងកំពុងរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ស្ថានភាពជីវភាព ឋាន: តួនាទី និងតម្លៃស្ត្រី រួមទាំងសីលធម៌សង្គម វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា យើង។
ឆ្លៀតក្នុងឱកាសនេះ ក្នុងព្រះបរមនាមព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះរាជវង្សានុវង្ស និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនបងប្អូនជនរួមជាតិជាទីស្រឡាញ់ ដែលមានភក្តីភាពប្រកបដោយកត្តញ្ញូកត្តវេទីថ្វាយ អង្គសម្តេច ព្រះករុណា ព្រះបរមរតន កោដ្ឋ ចំពោះព្រះរាជបូជនីយកិច្ចក្នុងការទាមទារឯករាជ្យជាតិ រក្សាបូរណភាពទឹកដី បង្រួបបង្រួម ជាតិ និងឯកភាពជាតិខ្មែរ រួមទាំងកិច្ចអភិវឌ្ឍវិស័យសង្គមកិច្ច ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ ដែលនាំមកនូវសេចក្តីសុខក្សេមក្សាន្ត សម្បូរសប្បាយដល់ប្រជារាស្ត្រ ជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គ ជារៀងរហូតមក។
នៅក្នុងឱកាសដ៏ប្រពៃនេះខ្ញុំសូមសំដែងនូវការកោតសរសើរដល់ស្ថាប័ននីតិបញ្ញត្តិ និង ស្ថាប័ននីតិប្រតិបត្តិ ដែលបានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ អនុម័ត កែលំអ និងអនុវត្តច្បាប់ នានា ដើម្បីប្រជាពលរដ្ឋ បុរស-ស្រ្តីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវការពារសិទ្ធិ និងផលប្រយោជន៍ដោយស្មើភាព។
ខ្ញុំម្ចាស់ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរព្រះគុណ សម្តេចព្រះសង្ឃរាជ ព្រះរាជាគណៈ ព្រះ ថេរានុថេរៈគ្រប់ព្រះអង្គ និងសូមអរគុណដ៏ជ្រាលជ្រៅដល់បងប្អូនជនរួមជាតិ មន្ត្រីរាជការគ្រប់ ក្រសួង -ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ទាំងអស់ ដែលបាន និងបន្តខិតខំប្រឹងប្រែងចូលរួមអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោ ។
ខ្ញុំសូមសរសើរ និងគាំទ្រ ក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបាន និងកំពុងខិតខំប្រឹងប្រែងជំរុញការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីបានទទួលនូវកិច្ចការពារ សិទ្ធិ និងផលប្រយោជន៍ តាមរយៈការកែប្រែឥរិយាបថសង្គមឲ្យទទួលស្គាល់ និងចាត់ទុកស្ត្រីជាដៃ គូដ៏សំខាន់ ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គម ដោយជួយជំរុញការកសាងនិងអភិវឌ្ឍន៍សមត្ថភាព ស្ត្រី ក៏ដូចជាការផ្តល់ឱកាសឱ្យស្ត្រីចូលរួមប្រកបដោយសមធម៌ក្នុងគ្រប់ការងារ និងក្នុងគ្រប់វិស័យ និងសូមអំពាវនាវឱ្យបន្តការងារនេះតទៅទៀត ដើម្បីសេចក្តីសុខចម្រើនរបស់ជនរួមជាតិយើង។
ខ្ញុំម្ចាស់ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរសម្តេចព្រះសង្ឃរាជ និងប្រគេនពរ ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមប្រសិទ្ធិពរជ័យ សិរីមង្គល មហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំ នីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ មន្ត្រីរាជការទាំងអស់ គ្រប់ក្រសួង-ស្ថាប័ន អង្គការមិនមែន រដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន ព្រមទាំងបងប្អូនរួមជាតិនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងនារីទូទាំងសកលលោក សូមបានប្រកបតែនឹងព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ, សុខ ខេមរា