ភ្នំពេញ, នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោកស្រីកែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” បានអញ្ជើញដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ក្រោមឱវាទ គ្រប់ផ្នែករួមមាន: ខាងការិយាល័យនិពន្ធ, ការិយាល័យបច្ចេកទេស , ការិយាល័យរដ្ឋបាល ហិរញ្ញវត្ថុ, ការិយាល័យស្ទីឌីយោ, អ្នកយកព័ត៌មានរាជធានី-ខេត្ត ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អនុវត្តន៍តាមវិធានសុខាភិបាល។
លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” មានគេហទំព័រ”នគរដ្រេហ្គន” គេហទំព័រ”នគរវត្ត” កាសែតអេឡិចត្រូនិច”នគរវត្ត”(Fale PDF) និងអនឡាញ បានរំឮកដល់ថ្នាក់ដឹកនាំ ជាទីប្រឹក្សាជាន់ខ្ពស់ ជាការិយាល័យនិពន្ធ និងបុគ្គលិក គ្រប់ផ្នែកទាំងអស់ មេត្តាយើងរួមគ្នាទប់ស្កាត់ជម្ងឺរាតត្បាត តាមរយៈ “៣ការពារ ៣កុំ ២ចូលរួម”៖
បីការពារ៖
១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល
៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពី មួយម៉ែត្រកន្លះឡើងទៅ
បីកុំ៖
១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
៣. កុំប៉ះពាល់គ្នា
ពីរចូលរួម៖
១. ចូលរួមយុទ្ធការចាក់វ៉ាក់សាំងការពាងជម្ងឺកូវីដ១៩
២. ប្រើ QR Code Stop Covid ។
លោកស្រីលើកឡើងបន្តទៀតថា, ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការណែនាំ របស់ក្រសួងសុខាភិបាល បុគ្គលិកទាំងអស់ រួមគ្នារក្សាគម្លាតសុវត្ថិភាព ធ្វើអនាម័យខ្លួនប្រាណ (លាងសម្អាតដៃ) ឲ្យបានញឹកញ៉ាប់ និងពាក់ម៉ាស់ជាប្រចាំ។ ពិសេសអាណិតដល់ក្រុមគ្រូពេទ្យរបស់យើងដែល
ពួកគាត់ធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីពួកយើង។ ដើម្បីពួកគាត់វិញ ចូរយើងរួមគ្នារក្សាគម្លាតសុវត្ថិភាព ធ្វើអនាម័យខ្លួនប្រាណ (លាងសម្អាតដៃ) ឲ្យបានញឹកញ៉ាប់ និងពាក់ម៉ាស់ជាប្រចាំ។ ទាំងអស់គ្នា រួមគ្នា យើងនឹងអាចឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា។
លោកស្រីសូមជូនពរឲ្យអោយបុគ្គលិក និងជនរួមជាតិទាំងអស់ បានជួបប្រទះតែសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ ចៀសអោយផុតពីជំងីកូវីដ-១៩ ដ៏សហាវមួយនេះ។
សូមបញ្ជាក់ថា, នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៣៩នាក់ទៀត (សហគមន៍ទាំង ៣៩នាក់) និងជាសះស្បើយ ៤៨នាក់ ក្នុងនោះ នៅភ្នំពេញ (២២), ព្រៃវែង (៦), ព្រះសីហនុ (១), កណ្ដាល (៩), បាត់ដំបង (១)។
គិតត្រឹមព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ១១៦៣ នាក់
– អ្នកជាសះស្បើយ= ៥៩៧ នាក់ (+៤៨)
– អ្នកកំពុងព្យាបាល= ៥៦៥ នាក់៕
ដោយ, សុខ ខេមរា