បុរសម្នាក់រងគ្រោះថ្នាក់ចរាចរណ៍ស្លាប់មួយកំណាត់ខ្លួន​ត្រូវប្រពន្ធរត់ចោល​​រស់នៅក្នុងខ្ទមកម្សត់ម្នាក់ឯង​ បានទទួលអំណោយសម្រាលការលំបាកពីកាកបាទក្រហមកម្ពុជា …!!

ចែករំលែក៖

ភ្នំពេញ, ដោយមេីលឃេីញពីទុក្ខលំបាក​ និងក្តីអាណិតអាសូរយ៉ាងពន់ពេកនោះ​ នៅថ្ងៃសុក្រ​ ទី ១២ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងបរិភោគមួយចំនួន និងថវិកាចំនួន ១០លានរៀល ផ្តល់ជូនលោក ឡុង ប៊ុនណា ដែលបានរងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ​ កាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅ​ បណ្តាលឱ្យស្លាប់មួយកំណាត់ខ្លួន ហេីយត្រូវបានប្រពន្ធបោះបង់ចោលទុកឱ្យរស់នៅយ៉ាងកម្សត់ក្នុងខ្ទមក្បែរមាត់ទឹកតែម្នាក់ឯង។ ដោយឃេីញបែបនេះ​ ម្តាយមីង​ បាននាំយកមកមេីលថែនៅក្នុងផ្ទះជួល​ជាបណ្តោះអាសន្ន ស្ថិតនៅភូមិ១ ក្រុមទី៤ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងចូលរួមសោកស្តាយចំពោះឧប្បទ្ទវហេតុដែលបានកើតឡើង។ ជាមួយគ្នានេះ លោកស្រី បានផ្តាំផ្ញើសូមថែទាំសុខភាពឱ្យបានល្អ​ ត្រូវប្រឹងប្រែងតស៊ូដេីម្បីជីវិតរស់នៅបន្តទៀតទោះបីជាពិការកាយ​ តែសូមកុំពិការចិត្ត ជាពិសេស​ រស់នៅមានអនាម័យ​ អនុវត្តឱ្យបានខ្ជាប់ខ្ជួន​ ៣ការពារ​ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

លោក ឡុង ប៊ុនណា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរលើកទឹកចិត្ត និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរេីសអេីងអ្វីឡេីយ។

អំណោយផ្តល់ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ២កញ្ចប់​ និងថវិកា ១០លានរៀល។ ដោយឡែក អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌជ្រោយចង្វារ​ បានផ្តល់គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print