ភ្នំពេញ, ដោយមេីលឃេីញពីទុក្ខលំបាក និងក្តីអាណិតអាសូរយ៉ាងពន់ពេកនោះ នៅថ្ងៃសុក្រ ទី ១២ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងបរិភោគមួយចំនួន និងថវិកាចំនួន ១០លានរៀល ផ្តល់ជូនលោក ឡុង ប៊ុនណា ដែលបានរងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ កាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅ បណ្តាលឱ្យស្លាប់មួយកំណាត់ខ្លួន ហេីយត្រូវបានប្រពន្ធបោះបង់ចោលទុកឱ្យរស់នៅយ៉ាងកម្សត់ក្នុងខ្ទមក្បែរមាត់ទឹកតែម្នាក់ឯង។ ដោយឃេីញបែបនេះ ម្តាយមីង បាននាំយកមកមេីលថែនៅក្នុងផ្ទះជួលជាបណ្តោះអាសន្ន ស្ថិតនៅភូមិ១ ក្រុមទី៤ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងចូលរួមសោកស្តាយចំពោះឧប្បទ្ទវហេតុដែលបានកើតឡើង។ ជាមួយគ្នានេះ លោកស្រី បានផ្តាំផ្ញើសូមថែទាំសុខភាពឱ្យបានល្អ ត្រូវប្រឹងប្រែងតស៊ូដេីម្បីជីវិតរស់នៅបន្តទៀតទោះបីជាពិការកាយ តែសូមកុំពិការចិត្ត ជាពិសេស រស់នៅមានអនាម័យ អនុវត្តឱ្យបានខ្ជាប់ខ្ជួន ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
លោក ឡុង ប៊ុនណា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរលើកទឹកចិត្ត និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរេីសអេីងអ្វីឡេីយ។
អំណោយផ្តល់ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ២កញ្ចប់ និងថវិកា ១០លានរៀល។ ដោយឡែក អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌជ្រោយចង្វារ បានផ្តល់គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕
ដោយ, សិលា