ទីបំផុត​! មេដឹកនាំអាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌា ប្រកាសគម្រោងរួមគ្នាដើម្បីផ្ដល់វ៉ាក់សាំងកូវីដ-១៩ ឲ្យ​តំបន់អាស៊ី ក្នុង​គោលបំណង​ប្រជែងចិន

ចែករំលែក៖

អន្តរជាតិ​៖​ ក្រោយ​ជំនួបលើកដំបូងរវាងមេដឹកនាំក្រុមប្រទេសកិច្ចសន្ទនាសន្តិសុខចតុភាគី (Quad) នៅថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២១ ទីបំផុត​មេដឹកនាំអាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌា​ បានប្រកាសពីគម្រោងរួមគ្នា​ ដើម្បីផ្ដល់វ៉ាក់សាំងកូវីដ-១៩ ចំនួន១ពាន់លានដូសឲ្យទៅតំបន់អាស៊ី ជាមួយគោលដៅប្រជែងចិន​ ដែលផ្គត់ផ្គង់វ៉ាក់សាំងរាប់លានដូសឲ្យប្រទេសក្នុងតំបន់ជាច្រើនមកហើយ។ ជាក់ស្ដែង​ប្រទេសទាំង៤នេះ​ អាស៊ីអាគ្នេយ៍ ជាគោលដៅដំបូងនៃគម្រោងរបស់ប្រទេសពួកគេ។ មិនតែប៉ុណ្ណោះ​ប្រទេសទាំងបួន ក៏បានចែកការទទួលខុសត្រូវ​ ដើម្បីបំពេញគោលដៅនេះ គឺសំដៅធានាឲ្យបានតំបន់អាស៊ីដែលសេរី និងបើកចំហ។

ជំនួបលើកដំបូងរវាងមេដឹកនាំខាងលេីនេះ តាមអនឡាញនៅថ្ងៃទី១២ ខែមីនា​ មានវត្តមានចូលរួមដោយប្រធានាធិបតីអាមេរិក ចូ បៃឌិន; នាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ; នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី;​ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន។ សន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក បញ្ហាបម្រែបម្រួលអាកាសធាតុ ការទប់ទល់ឥទ្ធិពលចិន និងការដោះស្រាយវិបត្តិកូវីដ-១៩ សុទ្ធសឹងជារបៀបវារៈសំខាន់ៗ។

បេីតាមលោកចូ បៃឌិន ដែលចង់ឃើញប្រទេស Quad ផ្ដល់ដំណោះស្រាយ និងលទ្ធផលជាក់ស្ដែងនោះ លើការទប់ទល់ជំងឺកូវីដ-១៩​ ក៏បាននិយាយថា ប្រទេសទាំង៤ ចាប់ផ្ដើមភាពជាដៃគូដែលមានមហិច្ឆតាមួយក្នុងការបង្កើនការផលិតកម្មវ៉ាក់សាំងសម្រាប់ជាប្រយោជន៍សាកល និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។ ចំពោះ​ការលើកឡើងបែប​នេះរបស់លោក​ បៃឌិន​ មេដឹកនាំទាំង៤ ក៏ឯកភាពគ្នាលើការជំរុញការផ្គត់ផ្គង់វ៉ាក់សាំងនៅអាស៊ី ដោយសន្យាផ្ដល់វ៉ាក់សាំងចំនួន១ពាន់លានដូស។

សូមជម្រាបថា​ ក្រោមគម្រោងនេះ វ៉ាក់សាំងមួយពាន់លានដូស នឹងត្រូវផលិតនៅត្រឹមឆ្នាំ២០២២ ដោយវ៉ាក់សាំងដែលត្រូវប្រើជាផលិតផលរបស់ក្រុមហ៊ុន Johnson & Johnson ដែលមានមូលដ្ឋាននៅអាមេរិក។ ឥណ្ឌាទទួលខុសត្រូវផលិត ជប៉ុនជាអ្នកផ្ដល់លុយ ហើយអូស្ត្រាលីទទួលបន្ទុកដឹកជញ្ជូន។ អាស៊ីអាគ្នេយ៍ ដែលជាតំបន់យុទ្ធសាស្រ្តដ៏សំខាន់មួយ នឹងទទួលបានវ៉ាក់សាំងក្រោមគំនិតផ្ដួចផ្ដើមនេះមុនគេ ហើយបន្តទៅកាន់ផ្នែកផ្សេងទៀតរបស់អាស៊ី។

ដោយឡែក​ជុំវិញបញ្ហានេះដែរ​ នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន ចាត់ទុកជំនួបលើកដំបូងនេះ ជាថ្ងៃរះនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយរំពឹងថា ប្រទេសទាំងបួនដែលប្រកាន់ជំហរប្រជាធិបតេយ្យសេរីដូចគ្នា នឹងជួយជំរុញសន្តិសុខ សន្តិភាព និងស្ថិរភាពតំបន់។ ចំណែលោក ម៉ូឌី វិញនិយាយថា Quad នឹងនៅតែជាកម្លាំងរក្សាស្ថិរភាពតំបន់

គួរបញ្ជាក់ថា​ គម្រោងរបស់ប្រទេស Quad ត្រូវមើលឃើញថា ជាការរួមគ្នាដើម្បីទប់ទល់ចិន។ ជាក់ស្តែងបេីនិយាយរឿងវ៉ាក់សាំងនេះ ចិនបានផ្ដល់វ៉ាក់សាំងរាប់លានដូសទាំងក្រោមលក្ខខណ្ឌជំនួយ និងពាណិជ្ជកម្ម។ មិនត្រឹមអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ចិនបានផ្ដល់វ៉ាក់សាំងជាច្រើនដល់ប្រទេសនានាលើពិភពលោក ដែលមិនគ្មានលទ្ធភាពប្រើវ៉ាក់សាំងថ្លៃ និងពិបាកទុកដាក់ដូចជា៖ Pfizer ជាដើម៕ដោយ​៖ស​ តារា​

រូបភាព​៖មេដឹកនាំ​អាមេរិក​ ឥណ្ឌា​ អូស្រ្តាលី​ និងជប៉ុន​ ប្រជុំតាមអនឡាញក្រុមប្រទេសកិច្ចសន្ទនាសន្តិសុខចតុភាគី (Quad)នៅថ្ងៃទី១២ ខែមីនា

រូបថត៖ AFP

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print