ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​៖ ជំរុញឲ្យបើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ជូនមនុស្សចាស់ ៦០ឆ្នាំឡើងទៅ នៅភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ដល់មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅក្នុងបណ្តាខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ​ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានស្នើដល់លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង និង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិភាក្សាគ្នាអំពីការបើកយុទ្ធនាការ១៥ថ្ងៃ។ប៉ុន្តែ​ផ្អាកចាក់ឲ្យមនុស្សពេញវ័យ​។

ទន្ទឹម​នឹង​នេះ​ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យមន្ទីរពេទ្យទាំងអស់ផ្អាកការចាក់វ៉ាក់សាំង Astra Zeneca នេះដល់អ្នកដែលមានអាយុក្រោម៦០ឆ្នាំជាបណ្តោះអាសន្នសិន ដើម្បីទុកលទ្ធភាពក្នុងការចាក់វ៉ាក់សាំងដល់មនុស្សចាស់ ចាប់ពីអាយុចាប់ពី៦០ឆ្នាំឡើង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រសិនបើអ្នកទាំងនោះទទួលវ៉ាក់សាំងដូសទី១ហើយ ត្រូវបន្តអនុញ្ញាតឲ្យគាត់ទទួលបានដូសទី២ បន្តទៀតផងដែរ ដោយសារវ៉ាក់សាំងមិនអាចចាក់តែ១លើកទេ។

បេីតាមរយៈសារសំឡេងមួយ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមឱ្យគ្រប់មន្ទីរពេទ្យដែលកំពុងដំណើរការចាក់វ៉ាក់សាំង គឺមិនបន្តចាក់វ៉ាក់សាំង Astra Zeneca ជូនអ្នកដែលមិនដល់អាយុ៦០ឆ្នាំ វៀលែងតែមានការអនុញ្ញាតរួចហើយ»។

សម្តេចតេជោ​ ថ្លែង​បន្តថា កន្លងទៅឱ្យតែមានមនុស្សចូលទៅ ក្រុមគ្រូពេទ្យបានផ្តល់ដោយមិនបានគិតដល់គោលនយោបាយវ៉ាក់សាំងរបស់កម្ពុជា ដែលបានបែងចែកឱ្យ ស៊ីណូហ្វាមចាក់សម្រាប់អ្នកមានអាយុពី១៨ ដល់៥៩ឆ្នាំ និង Astra Zeneca ចាក់ពី៦០ឆ្នាំឡើងលើ។

សម្តេចក៏បានបញ្ជាក់ដែរថា យុទ្ធនាការចាក់វ៉ាក់សាំង Astra Zeneca រយៈពេល១៥ថ្ងៃនេះ មិនមែនចាប់ផ្តើមនៅថ្ងៃនេះទេ តែត្រូវចាប់ផ្តើមនៅពេលដែល លោកស្រី ឱ វណ្ណឌីន និងលោក ឃួង ស្រេង ប្រកាសរៀបចំរួចរាល់ ដោយសារតែការខចាក់វ៉ាក់សាំងនេះ ត្រូវធ្វើនៅនៅក្នុងខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញតែម្តង។

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ បានថ្លែង​បន្ថែមទៀតថា​«យើងអត់មានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់នោះទេ ប៉ុន្តែយើងត្រូវបន្តខិតខំដើម្បីរកវ៉ាក់សាំងចាក់ដល់ពលរដ្ឋរបស់យើង យ៉ាងហោចណាស់ឱ្យបាន១០លាននាក់ ដែលពេលខាងមុខនេះវ៉ាក់សាំងដែលនឹងបានមកជាបន្តបន្ទាប់»។

សម្តេចតេជោ ហ៊ុន សែន បានហាមឃាត់មិនឲ្យមានការមកដណ្តើមចាក់វ៉ាក់សាំងពីមនុស្សចាស់ ដោយជនអាយុក្រោម៦០ឆ្នាំ នៅក្នុងយុទ្ធនាការនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងមិនគិតថ្លៃដល់ពលរដ្ឋ មិនមានការរើសអស់ផ្នែកនយោបាយនោះទេ។

គួរបញ្ជាក់ថា វ៉ាក់សាំង Astra Zeneca ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោកផ្តល់មកកម្ពុជាតាមរយៈយន្តការកូវ៉ាក់ជាង ៣២ម៉ឺនដូស គឺនៅសល់ចំនួន១១១៤០០ដូស ដែលអាចចាក់បានសម្រាប់ប្រជាជនចំនួន ៥៥៧០០នាក់៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print