ភ្នំពេញ, លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានរំឮកពី, ទណ្ឌកម្មចំពោះសហគ្រាសឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ដែលមិនគោរពវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
បទមិនគោរពវិធានការរដ្ឋបាល (មាត្រា៤ នៃច្បាប់)
-ទណ្ឌកម្មចំពោះសហគ្រាសឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ដែលមិនអនុវត្តនូវវិធានការរដ្ឋបាល (ការរឹតត្បិតឬការហាមឃាត់ការធ្វើដំណើរ, ការរឹតត្បិតឬការហាមឃាត់ការជួបជុំនិងការប្រមូលផ្តុំមនុស្សដែលសកម្មភាពនេះអាចបណ្តាលឱ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ការហាមឃាត់ឬការកម្រិតការធ្វើសកម្មភាពការងារឬមុខរបរដែលជាហានិភ័យឬជាប្រភពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ការរឹតត្បិត ឬការហាមឃាត់ការធ្វើពាណិជ្ជកម្មលើទំនិញដែលជាហានិភ័យ ឬជាប្រភពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងវិធានការរដ្ឋបាល ផ្សេងទៀត ដែលដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ -១៩) មានដូចខាងក្រោម៖
ការព្យួរឬដកហូតអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម ការបិទអាជីវកម្ម។
ការមិនអនុវត្តកាតព្វកិច្ចទាក់ទងនឹងការពាក់ម៉ាស និងការមិនអនុវត្តកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
( មាត្រា៦ មាត្រា៧ និងមាត្រា២០ នៃអនុក្រឹត្យ)
– យោងតាមមាត្រា៦ នៃអនុក្រឹត្យ រាល់សហគ្រាសឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ត្រូវត្រួតពិនិត្យ និងណែនាំបុគ្គលិក និងបុគ្គលគ្រប់រូប ដែលចូលទៅ ទីកន្លែងរបស់ខ្លួន ឱ្យធ្វើអនាម័យដើម្បីសម្លាប់មេរោគ វាស់កំដៅ និងពាក់ម៉ាស តាមការកំណត់របស់ក្រសួងសុខាភិបាល ។
យោងតាមមាត្រា៧ នៃអនុក្រឹត្យ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវមានយ៉ាងតិច ១,៥០ ម៉ែត្រ។ រាល់សហគ្រាសឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ត្រូវរៀបចំនៅក្នុងទីកន្លែងរបស់ខ្លួន ដើម្បីធានាថាបុគ្គលិក និងអតិថិជន អាចរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល នៅពេលរង់ចាំចូល និងពេលកំពុង ស្ថិតក្នុងទីកន្លែងរបស់ខ្លួន ព្រមទាំងមិនត្រូវទទួលអតិថិជនលើសពីចំនួនដែលអាចរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គលនៅក្នុងទីកន្លែងរបស់ខ្លួនឡើយ។ ផ្អែកលើកម្រិតនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលត្រូវចេញប្រកាស ឬសេចក្តីសម្រេច ដើម្បីកំណត់អំពីសហគ្រាសឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ដែលត្រូវអនុវត្តកាតព្វកិច្ចទាក់ទងនឹងការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងកំណត់អំពីទីកន្លែងធ្វើការ ទីតាំងអាជីវកម្ម ឬទីកន្លែងសាធារណៈនានាដែលមានមនុស្សច្រើន ដែលត្រូវរក្សាគម្លាតសុវត្ថិភាព។ ផ្អែកតាមការកំណត់នេះ សហគ្រាសឬគ្រឹះស្ថានឯកជន ឬម្ចាស់ អាជីវកម្ម ដែលបំពាននឹងកាតព្វកិច្ចទាក់ទងនឹងការពាក់ម៉ាស និងការរក្សាគម្លាតសុវត្តិភាព ត្រូវទទួលទណ្ឌកម្មដូចខាងក្រោម៖
២ ការបំពានលើកទី១ ៖ ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច , ការបំពានចាប់ពីរលើក ទី២ ៖ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២ លានរៀល ទៅ ១០ លានរៀល។
ការមិនអនុវត្តកាតព្វកិច្ចជូនដំណឹងអំពីករណីដែលពិនិត្យឃើញថាមានអ្នកគេចវេះ ឬគេចចេញពីការធ្វើបត្តាឡីស័ក។
(មាត្រា២៦ នៃអនុក្រឹត្យ)
គ្រឹះស្ថានសុខាភិបាលឯកជនទាំងអស់ ដែលមិនបានធ្វើការជូនដំណឹងបន្ទាន់ទៅក្រសួងសុខាភិបាល ក្នុងករណីពិនិត្យឃើញថា អ្នកជំងឺ ដែលកំពុងទទួលសេវាព្យាបាលនៅក្នុងគ្រឹះស្ថានរបស់ខ្លួនមានតម្រុយថាជាអ្នកជំងឺដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬកំពុងគេចចេញពីកន្លែង ធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោស ជាពិន័យអន្តរការណ៍ពី ១០ លានរៀល ទៅ ៥០ លានរៀល។
សម្គាល់៖
– “ច្បាប់” សំដៅដល់ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត • អនុក្រឹត្យ” សំដៅដល់អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
(រៀបចំដោយ ក្រសួងយុត្តិធម៌)
ដោយ, សុខ ខេមរា