ភ្នំពេញ៖ សូមបងប្អូនយើងទាំងអស់គ្នា គួរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការចូលរួមទប់ស្កាត់ជំងឺឆ្លងជាសកល នៃកូវីដ-១៩ ព្រោះបច្ចុប្បន្ននេះជំងឺមួយនេះកំពុងវាយលុកខ្លាំងមិនថាក្មេង ឬចាស់នោះ។
ជាក់ស្ដែងនាពេលថ្មីៗនេះ អាជ្ញាធរខណ្ឌមានជ័យ បានរកឃេីញមានទារកម្នាក់ទើបមានអាយុ២ខែប៉ុណ្ណោះ បានឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមមនុស្ស៦នាក់ដែលទើបរកឃើញថាឆ្លងជំងឺនេះ នៅភូមិដុះដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ពោលនៅសហគមន៍របស់អង្គការស្កត់ដែលមាន១៨ខ្នងផ្ទះ។
បេីយោងតាមរបាយការណ៍របស់មន្រ្តីសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ បានមកយកអ្នកពាក់ព័ន្ធឆ្លងជាមួយបុគ្គលិកធ្វើការនៅក្រុមហ៊ុនស៊ិនទ្រីដែលឆ្លងកូវីដ-១៩ នៅខេត្តតាកែវ មានចំនួន៦នាក់ លើចំនួន១៨នាក់ទាំងក្មេងទាំងចាស់ និង១២នាក់ទៀត ដែលកំពុងធ្វើចត្តាឡីស័កនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ។
របាយការណ៍ដដែល បន្តថា មនុស្សទាំង៦នាក់នោះ មានម្នាក់គឺទារកដែលទើបមានអាយុ២ខែប៉ុណ្ណោះ។
អាជ្ញាធរខណ្ឌមានជ័យ បន្ថែមទៀតថា រហូតមកដល់ពេលនេះ ចំនួនអ្នកវិជ្ជមានសរុប ៦២នាក់ បរទេស០៦នាក់, ចំនួនទីតាំងចត្តាឡីស័ក ៣៧ទីតាំង បើកដំណើរការឡើងវិញចំនួន ០៨ទីតាំង ឡុកដោន ចំនួន០៤ទីតាំង នៅសល់ចំនួន២៥ទីតាំង (ករណីកើនថ្មីថ្ងៃនេះចំនួន០៦ទីតាំង)។ រីឯចំនួនអ្នកចត្តាឡីស័កសរុប ២២៥នាក់ បរទេស០៣នាក់ (គិតតែចំនួនជាក់ស្តែងនៅក្នុងទីតាំង) ទីតាំងមិនទាន់យកសំណាក ០២ទីតាំង។
សូមជម្រាបថា មកទល់ពេលនេះ ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានបន្ដវាយប្រហារយ៉ាងខ្លាំងមកលើប្រជាជនកម្ពុជា ក្នុងនោះគេឃើញមានទារក ទារិកា និងក្មេងតូចៗជាច្រើន ក៏ត្រូវពេទ្យយកទៅពិនិត្យសំណាកជាបន្ដបន្ទាប់ផងដែរ។
ទារក ទារិកា និងក្មេងតូចៗជាច្រើនទាំងនោះ បានឆ្លងជំងឺកូវីដ-១៩ ពីឪពុក ម្ដាយ និងអាណាព្យាបាលរបស់ពួកគេ ដែលបានប៉ះពាល់ជាមួយអ្នកកើតជំងឺនេះផងដែរ។ ករណីដែលកើតឡើងនេះ ជាសារមួយក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទៅរស់នៅក្នុងប្រទេសកម្ពុជា ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត។
គួរបញ្ជាក់ថា បច្ចុប្បន្នគិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៦៩០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៥០នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៣៥នាក់, ស្លាប់ចំនួន ៣នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕ដោយ៖ស តារា