អន្តរជាតិ៖ បើតាមការអះអាងពីក្រុមយោធាថៃ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានបដិសេធការដឹកជញ្ជូនអង្ករឲ្យកងទ័ពយោធាមីយ៉ាន់ម៉ានៅតំបន់ព្រំដែន។ ចំពោះការដឹកជញ្ជូននោះ គ្រាន់ជាការដោះដូរពាណិជ្ជកម្មឆ្លងព្រំដែនធម្មតាប៉ុណ្ណោះ ហើយក្រុមយោធាថៃ ក៏មិនមានកុងត្រាណាមួយជាមួយកងទ័ពមីយ៉ាន់ម៉ាផងដែរ។
បេីតាមមន្រ្តីថៃ ដែលសុំមិនបញ្ចេញឈ្មោះ ត្រូវបានសារព័ត៌មានថៃមួយ បានស្រង់សម្តីយកមកចុះផ្សាយថា៖ កម្លាំងយោធាថៃ បានផ្តល់អង្ករចំនួន ៧០០ ការ៉ុង ទៅកងកម្លាំងយោធាមីយ៉ាន់ម៉ានៅតំបន់ព្រំដែនភាគខាងកើត ដែលត្រូវបានកាត់ផ្តាច់ដោយក្រុមបះបោរសហភាពជាតិKaren។ កន្លងមក ក្រុមKaren មិនបានទទួលស្គាល់រដ្ឋប្រហារយោធា នៅមីយ៉ាន់ម៉ាឡើយ ហើយថែមទាំងរិះគន់រដ្ឋប្រហារយោធា និងរបបសឹកថែមទៀត។ មន្រ្តីដែលសុំមិនបញ្ចេញឈ្មោះរូបនោះ បន្ថែមថា ការដឹកជញ្ជូនអង្ករខាងលើ ធ្វើឡើងតាមការបញ្ជារបស់រដ្ឋាភិបាលថៃ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា យ៉ាងណាមិញ ការចុះផ្សាយខាងលើត្រូវបានទាត់ចោលដោយក្រុមយោធាថៃ។ លោកឧត្តមសេនីយ៍ទោAmnat Srimak មេបញ្ជាការកងកម្លាំងNaresuan បានលើកឡើងថា៖«កងទ័ពថៃ មិនបានផ្គត់ផ្គង់កងទ័ពមីយ៉ាន់ម៉ាឡើយ»។ លោកឧត្តមសេនីយ៍ទោAmnat Srimak បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា៖ កងទ័ពថៃ មិនបានធ្វើកុងត្រាណាមួយជាមួយកងទ័ពរបស់មីយ៉ាន់ម៉ា ហើយមីយ៉ាន់ម៉ា ក៏មិនបានទាមទារឱ្យការផ្គត់ផ្គង់ស្បៀងឱ្យដែរ។
ជាក់ស្ដែងលោកឧត្តមសេនីយ៍ទោAmnat Srimak ក្នុងន័យនេះ បានចាត់ទុកសកម្មភាពដឹកអង្ករនោះ គ្រាន់តែជាពាណិជ្ជកម្មឆ្លងព្រំដែនធម្មតាប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកនាំពាក្យរដ្ឋាភិបាលថៃ មិនបានបកស្រាយនឹងបញ្ហាខាងលើនេះឡើយ។
សូមរម្លឹកដែរថា ចាប់តាំងពីផ្ទុះកូវីដ-១៩ មក ថៃ និងមីយ៉ាន់ម៉ា បានរឹតបន្តឹងនៅតំបន់ព្រំដែនយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩។ លើសពីនេះ បន្ទាប់ពីរដ្ឋប្រហារយោធា មីយ៉ាន់ម៉ា កាន់តែរឹតបន្តឹងនៅតំបន់ព្រំដែនបន្ថែមទៀត។
ដោយឡែករបបសឹក មកទល់ពេលនេះបានរងសម្ពាធយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដូចជាពីការិះសហភាពអឺរ៉ុប ទណ្ឌកម្មពីអាមេរិក កាណាដា និងអង់គ្លេស។ លើសពីនេះ អង្គការអន្តរជាតិធំៗ ក៏បានរិះគន់រដ្ឋប្រហារនៅមីយ៉ាន់ម៉ាផងដែរ៕ដោយ៖ស តារា
ក្រុមយោធាមីយ៉ាន់ម៉ា ដែលយាមល្បាតនៅតំបន់ព្រំដែន
ក្រុមយោធាថៃ ដែលយាមល្បាតនៅតំបន់ព្រំដែនថៃ
រូបថត៖ Reuters