អាសូរ​ខ្លាំង​ណាស់​! ទារក២ខែម្នាក់ទៀតហេីយ ឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកឆ្លងថ្មី៦នាក់ នៅអង្គការស្កត់​ ក្នុង​ខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ​៖ សូម​បងប្អូន​យើង​ទាំង​អស់​គ្នា​ គួរ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់ចំពោះការចូលរួមទប់ស្កាត់ជំងឺឆ្លងជាសកល​ នៃកូវីដ-១៩​ ព្រោះ​បច្ចុប្បន្ន​នេះជំងឺមួយនេះកំពុងវាយលុកខ្លាំងមិនថាក្មេង​ ឬចាស់នោះ។

ជាក់ស្ដែង​នាពេលថ្មីៗនេះ​ អាជ្ញាធរខណ្ឌមានជ័យ​ បានរកឃេីញមានទារកម្នាក់ទើបមានអាយុ២ខែប៉ុណ្ណោះ បានឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមមនុស្ស៦នាក់ដែលទើបរកឃើញថាឆ្លងជំងឺនេះ នៅភូមិដុះដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ពោលនៅសហគមន៍របស់អង្គការស្កត់ដែលមាន១៨ខ្នងផ្ទះ។

បេីយោងតាមរបាយការណ៍របស់មន្រ្តីសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ​ បានឲ្យដឹងថា​ រថយន្ត​សង្គ្រោះ​របស់មន្ទីរពេទ្យ បានមកយកអ្នកពាក់ព័ន្ធឆ្លងជាមួយបុគ្គលិកធ្វើការនៅក្រុមហ៊ុនស៊ិនទ្រីដែលឆ្លងកូវីដ-១៩ នៅខេត្តតាកែវ មានចំនួន៦នាក់ លើចំនួន១៨នាក់ទាំងក្មេងទាំងចាស់ និង១២នាក់ទៀត ដែលកំពុងធ្វើចត្តាឡីស័កនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ។

របាយការណ៍ដដែល​ បន្តថា​ មនុស្សទាំង៦នាក់នោះ មានម្នាក់គឺទារកដែលទើបមានអាយុ២ខែប៉ុណ្ណោះ។

អាជ្ញាធរខណ្ឌមានជ័យ​ បន្ថែមទៀតថា​ រហូតមកដល់ពេលនេះ ចំនួនអ្នកវិជ្ជមានសរុប ៦២នាក់ បរទេស០៦នាក់, ចំនួនទីតាំងចត្តាឡីស័ក ៣៧ទីតាំង បើកដំណើរការឡើងវិញចំនួន ០៨ទីតាំង ឡុកដោន ចំនួន០៤ទីតាំង នៅសល់ចំនួន២៥ទីតាំង (ករណីកើនថ្មីថ្ងៃនេះចំនួន០៦ទីតាំង)។​ រីឯ​ចំនួនអ្នកចត្តាឡីស័កសរុប ២២៥នាក់ បរទេស០៣នាក់ (គិតតែចំនួនជាក់ស្តែងនៅក្នុងទីតាំង) ទីតាំងមិនទាន់យកសំណាក ០២ទីតាំង។

សូម​ជម្រាបថា មកទល់ពេលនេះ ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានបន្ដវាយប្រហារយ៉ាងខ្លាំងមកលើប្រជាជនកម្ពុជា ក្នុងនោះគេឃើញមានទារក ទារិកា និងក្មេងតូចៗជាច្រើន ក៏ត្រូវពេទ្យយកទៅពិនិត្យសំណាកជាបន្ដបន្ទាប់ផងដែរ។

ទារក ទារិកា និងក្មេងតូចៗជាច្រើនទាំងនោះ បានឆ្លងជំងឺកូវីដ-១៩ ពីឪពុក ម្ដាយ និងអាណាព្យាបាលរបស់ពួកគេ ដែលបានប៉ះពាល់ជាមួយអ្នកកើតជំងឺនេះផងដែរ។ ករណីដែលកើតឡើងនេះ ជាសារមួយក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទៅរស់នៅក្នុងប្រទេសកម្ពុជា ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត។

គួរបញ្ជាក់ថា​ បច្ចុប្បន្ន​គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៦៩០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៥០នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៣៥នាក់, ស្លាប់ចំនួន ៣នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print