អន្តរជាតិ៖ បើតាមការអះអាងរបស់ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិន Sinopharm លោក យូ ឈីងមីង (Yu Qingming) នាពេលកន្លងទៅនេះ បានឲ្យដឹងថា យោងតាមលទ្ធផលស្រាវជ្រាវជាបឋម វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលផលិតឡើងដោយ Sinopharm គឺអាចផ្តល់ ការការពារពីវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីៗប្រមាណជា១០ទម្រង់ ក្នុងនោះរួមមានទាំងទម្រង់ ដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស និងអាហ្រ្វិកខាងត្បូងផងដែរ។
ជាក់ស្ដែងបើតាមសារព័ត៌មានចិន China Daily នៅថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១ បានដកស្រង់ការផ្សាយចេញពីលោក យូ ឈីងមីង បានបញ្ជាក់ថា បុគ្គលិកជាច្រើននាក់របស់ក្រុមហ៊ុន Sinopharm បានទទួលការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុននេះផ្ទាល់ តាំងពីខែមីនា ឆ្នាំ២០២០ ហើយក្រោយការតាមដានរយៈពេលមួយឆ្នាំមកនេះ អង់ទីករការពាររបស់ពួកគេ គឺនៅតែមានកម្រិតខ្ពស់គ្រាន់បើដដែល។
ប៉ុន្តែទោះជាយ៉ាងណាក្តី លោក យូ ឈីងមីង បានសង្កត់ធ្ងន់ថា ដោយសារវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាផលិតផលថ្មីសន្លាង ក្រុមអ្នកវិទ្យាសាស្រ្ត នៅត្រូវការពេលសិក្សាស្រាវជ្រាវច្រើនថែមទៀត ដើម្បីអាចកំណត់ឲ្យជាក់ច្បាស់តែម្តង អំពីប្រសិទ្ធភាពរបស់ពួកវា។
បន្ថែមពីនេះ ប្រធានក្រុមហ៊ុនវ៉ាក់សាំងរូបនេះ បានបញ្ជាក់ថា ការពិសោធន៍ស្រាវជ្រាវថ្មីៗចុងក្រោយ បានបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm អាចផ្តល់ការការពារ បានទូលំទូលាយប្រឆាំងនឹងវីរុស COVID-19 ដែលបំប្លែងខ្លួនថ្មីៗ ហើយអាចទល់ទល់ជាមួយពួកវាដោយប្រសិទ្ធភាពខ្ពស់។ លោក យូ បន្ថែមទៀតថា គិតមកទល់ឥឡូវ ប្រទេសនិងតំបន់សរុបយ៉ាងតិច៤០ហើយ បានអនុម័តឲ្យប្រើវ៉ាក់សាំងរបស់ Sinopharm ក្នុងលក្ខខណ្ឌប្រើជាបន្ទាន់ ហើយវ៉ាក់សាំងជិត១០០លានដូស ត្រូវបានផ្តល់ទៅកាន់ប្រទេសដទៃ ដោយ៦០លានដូសក្នុងនោះ ត្រូវបានប្រើប្រាស់រួចរាល់ ដោយពុំមានផលប៉ះពាល់ធ្ងន់ធ្ងរពាក់ព័ន្ធនឹងវ៉ាក់សាំងឡើយ។
ជាមួយគ្នានេះបើតាមការបញ្ជាក់របស់លោក យូ ក៏អះអាងបន្ថែមថា ក្រុមហ៊ុន Sinopharm បច្ចុប្បន្ននេះកំពុងជាក្រុមហ៊ុនផលិតវ៉ាក់សាំង COVID-19 ធំជាងគេបង្អស់នៅលើពិភពលោក។ មិនតែប៉ុណ្ណោះ Sinopharm កំពុងតែខំប្រឹងបង្កើនសមត្ថភាពផលិតវ៉ាក់សាំងរបស់ខ្លួន ដែលអាចកើនដល់ជាង ០៣ពាន់លានដូសក្នុងមួយឆ្នាំ៕ដោយ៖ស តារា
រូបភាព៖ក្រុមគ្រូពេទ្យកំពុងចាប់វ៉ាក់សាំងឲ្យប្រជាជនខ្លួន
រូបថត៖Reuters