ស្ងាត់​ៗ​លេងមួយទំហឹង! ក្រុម​ឈ្មួញអេ​ស្កា​ជិត​១០​គ្រឿង​ ចុះ​កាយ​ដី​ក្នុង​អាង​ទំនប់​ទឹកអូ​ច្រនៀង ស្រុក​​កំពង់ត្រាច​ ផ្អើល​ដល់​ប្រជាជន​ចុះតវ៉ា

ចែករំលែក៖

ខេត្តកំពត៖ នៅ​ព្រឹក​ថ្ងៃអាទិត្យទី​២១ ខែមីនា ឆ្នាំ​២០២១នេះ​ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ដែល​រស់នៅ​ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​នាំគ្នាចេញ​មុខ​មក​តវ៉ា​នៅ​ក្នុង​ទំនប់​ទឹកអូរ​ច្រនៀង ខណៈ​ដែល​ក្រុម​ឈ្មួញ​ បានយកអេ​ស្កា​វិទ័រជិត​១០​គ្រឿង​ចុះ​កាយ​ដី​ក្នុង​អាង​ទំនប់​ទឹកមួយ​នេះ​ ពេល​ឃើញ​ក្រុម​អ្នកស្រុក​ចេញ​មក​តវ៉ា​ ភ្លាមនោះ​ ក្រុម​ឈ្មួញ​ក៏​នាំគ្នាបើក​គ្រឿង​ចក្រ​ចេញ​យ៉ាង​ទាន់ហន់​។

បេីតាមការ​អះអាងពីប្រជាពលរដ្ឋដែលចុះទៅតវ៉ាខាងលេីនេះ​ បានបញ្ជាក់ថា​ ក្រុមឈ្មួញបានប្រេីគ្រឿងចក្រ​ជា​ច្រើន​​ចុះ​ទៅកាយ​ដី​ក្នុង​អាង​ទំនប់​ទឹក ដែល​ធ្វើ​ឲ្យបាត់បង់​ដី​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ នៅ​ក្នុង​អាង​ទំនប់​ទឹក​ធ្លាប់​អាស្រ័យ​ផល​កន្លងមក​​។

ជាក់ស្ដែង​ពលរដ្ឋ​មានឈ្មោះ ម៉ែ​ន សុភាព ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មក​ពី​ភូមិ​២ ក្នុង​ឃុំ​កំពង់ត្រាច បាន​និយាយ​រៀបរាប់​នៅព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា​នេះ​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួ​សារ​ បាន​ចេញ​មុខ​មក​តវ៉ានេះ​ ព្រោះ​ក្រុម​ឈ្មួញ​មិនដឹងមកពីណាបានយកគ្រឿងចក្រ​ជា​ច្រើន​ចុះ​កាយ​ដី​ក្នុង​ទំនប់​ទឹក​ខាងលេីនេះ​ ធ្វើ​ឲ្យពលរដ្ឋ​មានការ​ខឹងសម្បា​រខ្លាំង​ព្រោះ​ពួក​គាត់​បាន​បាត់បង់​ដីធ្លី ដែល​ធ្លាប់​អាស្រ័យ​ផល​នៅ​ក្នុង​អាង​ទំនប់​ទឹក ហេីយ​អ្នកស្រុក​ព្រួយបារម្ភថា ឈ្មួញ​មក​កាយ​យក​អាច​ម៌​ដី​ទៅ​លក់ ដោយ​កាយ​លើ​ដី​ពួក​គាត់​ឲ្យ​ក្លាយជា​រណ្ដៅ​អស់​។

ប្រភពដដែល​ បន្ត​ថា ប្រជាពលរដ្ឋ​ខ្លះមក​ពី​ភូមិ​ដើម​ចារ និង​ភូមិ​អូ​ច្រនៀង ក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច សរុប​មាន​ដី​នៅ​ក្នុង​អាង​ទំនប់​ទឹក​នេះ​ចំនួន​២៥​ហិ​កតា ហើយ​ដី​ទាំងនោះ​ជា​ដី​បង្កបង្កើន​ផល​ស្រូវរបស់ពួកគាត់​។​ ទន្ទឹម​នឹង​នេះ​ ពួក​គាត់​សុំ​ឱ្យ​អាជ្ញាធរ​កំណត់​ព្រំ​ឱ្យ​បាន​ច្បាស់ ព្រោះ​គ្រឿងចក្រ​ចុះ​មក​កាយ​ដី​ហាក់ដូច​អនាធិបតេយ្យ​ធ្វើ​ឱ្យ​ពលរដ្ឋ​លើកគ្នា​មក​តវ៉ា​។

ដោយឡែក​ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ សន ត្រី ភេទប្រុស​ អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ដើម​ចារ ក៏​បាន​រៀបរាប់​ដែរ​ថា គ្រឿងចក្រ​ចុះ​មក​កាយ​ដី​ក្នុង​អាង​ទំនប់​ទឹក​នេះ​មិន​ច្បាស់លាស់​ទេ ម្ដង​កាយ​ចំណុច​នេះ ម្ដង​កាយ​ចំណុច​នោះ ធ្វើ​ឱ្យ​ពួក​អ្នក​ភូមិ​បាត់បង់​ដី​សម្រាប់​ធ្វើ​កសិកម្ម​។​ លោក​ ​បន្ត​ថា ដី​នៅ​ក្នុង​អាង​ទំនប់​ទឹក​នេះ មិន​មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ទេ តែ​ពួក​គាត់​កាន់​កម្ម​សិទ្ធ​តាំងពី​ដូនតា​មក​ម្ល៉េះ​។

ទាក់ទិននឹងបញ្ហានេះដែរ​ មន្ត្រី​មក​ពី​សាលាស្រុក​កំពង់ត្រាច ក៏​បាន​បញ្ជាក់​​ថា ខាង​មន្រ្តីជំនាញធនធានទឹក​ ​ក៏​ដូច​ជារដ្ឋបាល​សាលាស្រុក បាន​បង្កើត​គណៈកម្មការ​មួយ​រៀបចំ​ស្ដារ​ក្នុង​ទំនប់​អូរ​ច្រនៀង​នេះ ឲ្យ​បាន​ជ្រៅ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​ខាងក្រោម​ទំនប់ យក​ទឹក​ប្រើប្រាស់​។​ ប៉ុន្តែ​ដោយសារ​តែខាង​រដ្ឋបាល​ស្រុក​ មិន​មាន​លទ្ធភាព​ជីក​ស្ដារ​អាង​ទឹក​នេះ​ទេ ដោយ​ពឹងផ្អែក​ទៅ​លើ​អ្នកមាន​គ្រឿងចក្រគេ​បាន​អាច​ម៌​ដី​លក់ ចំណែក​​ខាង​ស្រុក​ បាន​ទឹក​ប្រើប្រាស់​ជា​សាធារណៈ​។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​មិញ គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​បាន​បើក​ចេញពី​ក្នុង​ទឹក​យ៉ាង​ទាន់ហន់ ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​នាំគ្នាមក​តវ៉ា​ខ្លាំង​។

ដោយឡែក​ជុំវិញបញ្ហានេះដែរ​ អភិបាលស្រុក​កំពង់ត្រាច លោក អូន ខន​ បា​នឲ្យដឹងនៅថ្ងៃនេះដែរថា៖ គ្រឿងចក្រ​ចុះ​កាយ​ដី​ក្នុង​អាង​ទំនប់​ទឹកអូ​ច្រនៀង ត្រូវ​បាន​ផ្អាក​សកម្មភាព​កាយ​ហើយ ព្រោះ​កាយ​ដី​មិន​តាម​លក្ខណៈ​ស្តង់ដារ​តាមគោលការណ៍​របស់​រដ្ឋបាល​ស្រុក ដោយ​កាយ​មានសភាពប៉ាតណាប៉ាតណី​យ៉ាង​អាណាធិបតេយ្យ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print