ខេត្តកំពត៖ នៅព្រឹកថ្ងៃអាទិត្យទី២១ ខែមីនា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋជាច្រើននាក់ ដែលរស់នៅឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បាននាំគ្នាចេញមុខមកតវ៉ានៅក្នុងទំនប់ទឹកអូរច្រនៀង ខណៈដែលក្រុមឈ្មួញ បានយកអេស្កាវិទ័រជិត១០គ្រឿងចុះកាយដីក្នុងអាងទំនប់ទឹកមួយនេះ ពេលឃើញក្រុមអ្នកស្រុកចេញមកតវ៉ា ភ្លាមនោះ ក្រុមឈ្មួញក៏នាំគ្នាបើកគ្រឿងចក្រចេញយ៉ាងទាន់ហន់។
បេីតាមការអះអាងពីប្រជាពលរដ្ឋដែលចុះទៅតវ៉ាខាងលេីនេះ បានបញ្ជាក់ថា ក្រុមឈ្មួញបានប្រេីគ្រឿងចក្រជាច្រើនចុះទៅកាយដីក្នុងអាងទំនប់ទឹក ដែលធ្វើឲ្យបាត់បង់ដីរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងអាងទំនប់ទឹកធ្លាប់អាស្រ័យផលកន្លងមក។
ជាក់ស្ដែងពលរដ្ឋមានឈ្មោះ ម៉ែន សុភាព ភេទប្រុស អាយុ៣៧ឆ្នាំ មកពីភូមិ២ ក្នុងឃុំកំពង់ត្រាច បាននិយាយរៀបរាប់នៅព្រឹកថ្ងៃទី២១ ខែមីនានេះថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានចេញមុខមកតវ៉ានេះ ព្រោះក្រុមឈ្មួញមិនដឹងមកពីណាបានយកគ្រឿងចក្រជាច្រើនចុះកាយដីក្នុងទំនប់ទឹកខាងលេីនេះ ធ្វើឲ្យពលរដ្ឋមានការខឹងសម្បារខ្លាំងព្រោះពួកគាត់បានបាត់បង់ដីធ្លី ដែលធ្លាប់អាស្រ័យផលនៅក្នុងអាងទំនប់ទឹក ហេីយអ្នកស្រុកព្រួយបារម្ភថា ឈ្មួញមកកាយយកអាចម៌ដីទៅលក់ ដោយកាយលើដីពួកគាត់ឲ្យក្លាយជារណ្ដៅអស់។
ប្រភពដដែល បន្តថា ប្រជាពលរដ្ឋខ្លះមកពីភូមិដើមចារ និងភូមិអូច្រនៀង ក្នុងឃុំកំពង់ត្រាចខាងលិច សរុបមានដីនៅក្នុងអាងទំនប់ទឹកនេះចំនួន២៥ហិកតា ហើយដីទាំងនោះជាដីបង្កបង្កើនផលស្រូវរបស់ពួកគាត់។ ទន្ទឹមនឹងនេះ ពួកគាត់សុំឱ្យអាជ្ញាធរកំណត់ព្រំឱ្យបានច្បាស់ ព្រោះគ្រឿងចក្រចុះមកកាយដីហាក់ដូចអនាធិបតេយ្យធ្វើឱ្យពលរដ្ឋលើកគ្នាមកតវ៉ា។
ដោយឡែកពលរដ្ឋម្នាក់ទៀតឈ្មោះ សន ត្រី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិដើមចារ ក៏បានរៀបរាប់ដែរថា គ្រឿងចក្រចុះមកកាយដីក្នុងអាងទំនប់ទឹកនេះមិនច្បាស់លាស់ទេ ម្ដងកាយចំណុចនេះ ម្ដងកាយចំណុចនោះ ធ្វើឱ្យពួកអ្នកភូមិបាត់បង់ដីសម្រាប់ធ្វើកសិកម្ម។ លោក បន្តថា ដីនៅក្នុងអាងទំនប់ទឹកនេះ មិនមានប្លង់កម្មសិទ្ធិស្របច្បាប់ទេ តែពួកគាត់កាន់កម្មសិទ្ធតាំងពីដូនតាមកម្ល៉េះ។
ទាក់ទិននឹងបញ្ហានេះដែរ មន្ត្រីមកពីសាលាស្រុកកំពង់ត្រាច ក៏បានបញ្ជាក់ថា ខាងមន្រ្តីជំនាញធនធានទឹក ក៏ដូចជារដ្ឋបាលសាលាស្រុក បានបង្កើតគណៈកម្មការមួយរៀបចំស្ដារក្នុងទំនប់អូរច្រនៀងនេះ ឲ្យបានជ្រៅងាយស្រួលដល់ប្រជាពលរដ្ឋនៅខាងក្រោមទំនប់ យកទឹកប្រើប្រាស់។ ប៉ុន្តែដោយសារតែខាងរដ្ឋបាលស្រុក មិនមានលទ្ធភាពជីកស្ដារអាងទឹកនេះទេ ដោយពឹងផ្អែកទៅលើអ្នកមានគ្រឿងចក្រគេបានអាចម៌ដីលក់ ចំណែកខាងស្រុក បានទឹកប្រើប្រាស់ជាសាធារណៈ។
ប៉ុន្តែទោះជាយ៉ាងណាមិញ គ្រឿងចក្រជាច្រើនគ្រឿងបានបើកចេញពីក្នុងទឹកយ៉ាងទាន់ហន់ ខណៈពេលដែលប្រជាពលរដ្ឋនាំគ្នាមកតវ៉ាខ្លាំង។
ដោយឡែកជុំវិញបញ្ហានេះដែរ អភិបាលស្រុកកំពង់ត្រាច លោក អូន ខន បានឲ្យដឹងនៅថ្ងៃនេះដែរថា៖ គ្រឿងចក្រចុះកាយដីក្នុងអាងទំនប់ទឹកអូច្រនៀង ត្រូវបានផ្អាកសកម្មភាពកាយហើយ ព្រោះកាយដីមិនតាមលក្ខណៈស្តង់ដារតាមគោលការណ៍របស់រដ្ឋបាលស្រុក ដោយកាយមានសភាពប៉ាតណាប៉ាតណីយ៉ាងអាណាធិបតេយ្យ៕ដោយ៖សហការី