ចិនដាក់ទណ្ឌកម្មលើអឺរ៉ុប(EU)៖ បន្ទាប់ពី​បស្ចិមលោកព្រួតគ្នាដាក់ទណ្ឌកម្មមន្រ្តីចិន​ ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សតំបន់ស៊ីនជាំង

ចែករំលែក៖

អន្តរជាតិ​៖​ បន្ទាប់ពីអាមេរិក សហភាពអឺរ៉ុប អង់គ្លេស និងកាណាដា បានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីចិន​ ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សតំបន់ស៊ីនជាំង។​ ពេល​នេះ​ទីក្រុងប៉េកាំង នៅថ្ងៃទី២២ ខែមីនាបានសម្រេចដាក់ទណ្ឌកម្មតបទៅលើសហភាពអឺរ៉ុប (EU)វិញ​។ ជាក់ស្ដែង​ចំពោះ​ការដាក់ទណ្ឌកម្មរួមគ្នាដោយបស្ចិមលោកនេះ ត្រូវបានមើលឃើញថា ជាការសម្របសម្រួលសកម្មភាពគោលនយោបាយការបរទេសរបស់អាមេរិក និងសម្ពន្ធមិត្តក្នុងការទប់ទល់ជាមួយចិន។

ជាមួយគ្នានេះ​រដ្ឋាភិបាលប្រទេសលោកខាងលិច បានទាមទារឲ្យ​ចិន​ ទទួលខុសត្រូវចំពោះការឃុំខ្លួនជនជាតិមូស្លីមភាគតិចវីហ្គ័រ នៅតំបន់ស៊ីនជាំង។ ខណៈ​ដែល​សហរដ្ឋអាមេរិក​ ចោទប្រកាន់​ចិនថា​ បានកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅទីនោះ។ ចំណែក​អង្គការអន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ ក៏បានអះអាងដែរថា ជនជាតិភាគតិចមូស្លីមជាង១លាននាក់ត្រូវបានឃុំខ្លួននៅជំរុំក្នុងតំបន់ស៊ីនជាំងដោយរងការធ្វើទារុណកម្ម និងពលកម្មដោយបង្ខំ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ចិន​ អះអាងថា​ ជំរំទាំងនោះបង្កើតឡើងដើម្បីអប់រំ និងផ្តល់ចំណេះដឹងវិជ្ជាជីវៈ។

ដោយឡែក​សហភាពអឺរ៉ុប EU ជាអ្នកចាប់ផ្តើមដាក់ទណ្ឌកម្មដំបូង ដោយសំដៅលើមន្ត្រីជាន់ខ្ពស់ចិនចំនួន៤រូប ដែលក្នុងនោះរួមមាន៖​លោក Chen Mingguo នាយកការិយាល័យសន្តិសុខសាធារណៈស៊ីនជាំង លោក Zhu Hailun អតីតលេខាបក្សតំបន់ស៊ីនជាំង លោក Wang Mingshan និងលោក Wang Junzheng ។ ចំពោះ​ទណ្ឌកម្មនោះរួមមាន៖​ ការហាមមិនឱ្យចូលសហភាពអឺរ៉ុប និងបង្កកទ្រព្យសម្បត្តិ។ បន្ថែមពីនេះក្រុមហ៊ុនសំណង់មួយទៀតក៏រងទណ្ឌកម្មផងដែរ។

សូមជម្រាបថា​ ចក្រភព​អង់គ្លេស និងកាណាដា ក៏សម្រេចដាក់ទណ្ឌកម្មលើបុគ្គលទាំង៤ដូចអឺរ៉ុបផងដែរ។ ចំណែកអាមេរិកវិញ ដាក់ទណ្ឌកម្មលើលោក Wang Junzheng និងលោក Chen Mingguo តែប៉ុណ្ណោះ។ ក្រោយការដាក់ទណ្ឌកម្មនេះ រដ្ឋមន្ត្រីការបរទេសកាណាដា អង់គ្លេស និងអាមេរិកបានចេញសេចក្តីថ្លែងការណ៍រួមទាមទារឱ្យចិន បញ្ចប់សកម្មភាពជិះជាន់នៅស៊ីនជាំង។
ក្រោយការប្រកាសដាក់ទណ្ឌកម្មរួមគ្នានេះ ចិនតបវិញដោយដាក់ទណ្ឌកម្មលើ EU មួយសិន។

បេីយោង​តាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសចិន​ នៅថ្ងៃទី២២ ខែមីនា ម្សិលមិញនេះ​ បានបញ្ជាក់ថា​ ទីក្រុង​ប៉េកាំង​ បានសម្រេចដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នអឺរ៉ុបសរុបចំនួន១០ ដែលរួមមាន៖​ តំណាងរាស្ត្រសភាអឺរ៉ុបចំនួន៥នាក់ អ្នកស្រាវជ្រាវស្តីពីបញ្ហាពីរំលោភបំពាននៅស៊ីនជាំង និងទីបេ ក៏ដូចជាស្ថាប័នស្រាវជ្រាវរបស់អាល្លឺម៉ង់ និងដាណឺម៉ាកផងដែរ។

ចំណែក​ក្រសួងការបរទេសចិន បាននិយាយថា​ បុគ្គលដែលស្ថិតក្នុងបញ្ជីទណ្ឌកម្ម ក៏ដូចជាគ្រួសារមិនត្រូវបានអនុញ្ញាតឱ្យចូលទឹកដីចិន ហុងកុង និងម៉ាកាវ ហើយហាមមិនឱ្យស្ថាប័នឬបុគ្គលទាំងនោះធ្វើអាជីវកម្ម ឬមានទំនាក់ទំនងក្នុងប្រទេសចិន។

គួរបញ្ជាក់ថា​ ការដាក់ទណ្ឌកម្មលើចិន​ ដោយសហភាពអឺរ៉ុប គឺជាការដាក់ទណ្ឌកម្មលើកទីមួយរាប់ចាប់តាំងពីឆ្នាំ១៩៨៩មក គ្រានោះអឺរ៉ុបដាក់ទណ្ឌកម្មចិនចំពោះការបង្ក្រាបបាតុករដោយហិង្សានៅទីលានធានអានមិន។ អឺរ៉ុប ចោទបុគ្គលទាំងនោះពីការឃុំខ្លួនដោយបង្ខំ និងការធ្វើទុក្ខបុកម្នេញលើជនជាតិវីហ្គ័រ និងជនជាតិមូស្លីមភាគតិចដទៃទៀត ក៏ដូចជាការរំលោភជាប្រព័ន្ធលើសេរីភាពសាសនា ឬជំនឿ។

ទាក់ទិននឹងបញ្ហានេះដែរ​ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកអាន់តូនី ប្ល៊ីងខិនរដ្ឋមន្ត្រីការបរទេសអាមេរិក​ បានលើកឡើងថា៖
«ខណៈដែលមានការថ្កោលទោសជាអន្តរជាតិ (ចិន)បន្តប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅស៊ីនជាំង»។ ចំណែកសេចក្តីថ្លែងការណ៍ក្រសួងការបរទេសកាណាដា​ក៏បានលើកឡើងដែរថា ភស្តុតាងជាច្រើនបង្ហាញពីការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ដែលប្រព្រឹត្តឡើងដោយអាជ្ញាធរចិន៕ដោយ​៖ស​ តារា​

...

រូបថត​៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print