អន្តរជាតិ៖ បន្ទាប់ពីអាមេរិក សហភាពអឺរ៉ុប អង់គ្លេស និងកាណាដា បានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីចិន ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សតំបន់ស៊ីនជាំង។ ពេលនេះទីក្រុងប៉េកាំង នៅថ្ងៃទី២២ ខែមីនាបានសម្រេចដាក់ទណ្ឌកម្មតបទៅលើសហភាពអឺរ៉ុប (EU)វិញ។ ជាក់ស្ដែងចំពោះការដាក់ទណ្ឌកម្មរួមគ្នាដោយបស្ចិមលោកនេះ ត្រូវបានមើលឃើញថា ជាការសម្របសម្រួលសកម្មភាពគោលនយោបាយការបរទេសរបស់អាមេរិក និងសម្ពន្ធមិត្តក្នុងការទប់ទល់ជាមួយចិន។
ជាមួយគ្នានេះរដ្ឋាភិបាលប្រទេសលោកខាងលិច បានទាមទារឲ្យចិន ទទួលខុសត្រូវចំពោះការឃុំខ្លួនជនជាតិមូស្លីមភាគតិចវីហ្គ័រ នៅតំបន់ស៊ីនជាំង។ ខណៈដែលសហរដ្ឋអាមេរិក ចោទប្រកាន់ចិនថា បានកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅទីនោះ។ ចំណែកអង្គការអន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ ក៏បានអះអាងដែរថា ជនជាតិភាគតិចមូស្លីមជាង១លាននាក់ត្រូវបានឃុំខ្លួននៅជំរុំក្នុងតំបន់ស៊ីនជាំងដោយរងការធ្វើទារុណកម្ម និងពលកម្មដោយបង្ខំ។ ប៉ុន្តែទោះជាយ៉ាងណា ចិន អះអាងថា ជំរំទាំងនោះបង្កើតឡើងដើម្បីអប់រំ និងផ្តល់ចំណេះដឹងវិជ្ជាជីវៈ។
ដោយឡែកសហភាពអឺរ៉ុប EU ជាអ្នកចាប់ផ្តើមដាក់ទណ្ឌកម្មដំបូង ដោយសំដៅលើមន្ត្រីជាន់ខ្ពស់ចិនចំនួន៤រូប ដែលក្នុងនោះរួមមាន៖លោក Chen Mingguo នាយកការិយាល័យសន្តិសុខសាធារណៈស៊ីនជាំង លោក Zhu Hailun អតីតលេខាបក្សតំបន់ស៊ីនជាំង លោក Wang Mingshan និងលោក Wang Junzheng ។ ចំពោះទណ្ឌកម្មនោះរួមមាន៖ ការហាមមិនឱ្យចូលសហភាពអឺរ៉ុប និងបង្កកទ្រព្យសម្បត្តិ។ បន្ថែមពីនេះក្រុមហ៊ុនសំណង់មួយទៀតក៏រងទណ្ឌកម្មផងដែរ។
សូមជម្រាបថា ចក្រភពអង់គ្លេស និងកាណាដា ក៏សម្រេចដាក់ទណ្ឌកម្មលើបុគ្គលទាំង៤ដូចអឺរ៉ុបផងដែរ។ ចំណែកអាមេរិកវិញ ដាក់ទណ្ឌកម្មលើលោក Wang Junzheng និងលោក Chen Mingguo តែប៉ុណ្ណោះ។ ក្រោយការដាក់ទណ្ឌកម្មនេះ រដ្ឋមន្ត្រីការបរទេសកាណាដា អង់គ្លេស និងអាមេរិកបានចេញសេចក្តីថ្លែងការណ៍រួមទាមទារឱ្យចិន បញ្ចប់សកម្មភាពជិះជាន់នៅស៊ីនជាំង។
ក្រោយការប្រកាសដាក់ទណ្ឌកម្មរួមគ្នានេះ ចិនតបវិញដោយដាក់ទណ្ឌកម្មលើ EU មួយសិន។
បេីយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសចិន នៅថ្ងៃទី២២ ខែមីនា ម្សិលមិញនេះ បានបញ្ជាក់ថា ទីក្រុងប៉េកាំង បានសម្រេចដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នអឺរ៉ុបសរុបចំនួន១០ ដែលរួមមាន៖ តំណាងរាស្ត្រសភាអឺរ៉ុបចំនួន៥នាក់ អ្នកស្រាវជ្រាវស្តីពីបញ្ហាពីរំលោភបំពាននៅស៊ីនជាំង និងទីបេ ក៏ដូចជាស្ថាប័នស្រាវជ្រាវរបស់អាល្លឺម៉ង់ និងដាណឺម៉ាកផងដែរ។
ចំណែកក្រសួងការបរទេសចិន បាននិយាយថា បុគ្គលដែលស្ថិតក្នុងបញ្ជីទណ្ឌកម្ម ក៏ដូចជាគ្រួសារមិនត្រូវបានអនុញ្ញាតឱ្យចូលទឹកដីចិន ហុងកុង និងម៉ាកាវ ហើយហាមមិនឱ្យស្ថាប័នឬបុគ្គលទាំងនោះធ្វើអាជីវកម្ម ឬមានទំនាក់ទំនងក្នុងប្រទេសចិន។
គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មលើចិន ដោយសហភាពអឺរ៉ុប គឺជាការដាក់ទណ្ឌកម្មលើកទីមួយរាប់ចាប់តាំងពីឆ្នាំ១៩៨៩មក គ្រានោះអឺរ៉ុបដាក់ទណ្ឌកម្មចិនចំពោះការបង្ក្រាបបាតុករដោយហិង្សានៅទីលានធានអានមិន។ អឺរ៉ុប ចោទបុគ្គលទាំងនោះពីការឃុំខ្លួនដោយបង្ខំ និងការធ្វើទុក្ខបុកម្នេញលើជនជាតិវីហ្គ័រ និងជនជាតិមូស្លីមភាគតិចដទៃទៀត ក៏ដូចជាការរំលោភជាប្រព័ន្ធលើសេរីភាពសាសនា ឬជំនឿ។
ទាក់ទិននឹងបញ្ហានេះដែរ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកអាន់តូនី ប្ល៊ីងខិនរដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងថា៖
«ខណៈដែលមានការថ្កោលទោសជាអន្តរជាតិ (ចិន)បន្តប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅស៊ីនជាំង»។ ចំណែកសេចក្តីថ្លែងការណ៍ក្រសួងការបរទេសកាណាដាក៏បានលើកឡើងដែរថា ភស្តុតាងជាច្រើនបង្ហាញពីការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ដែលប្រព្រឹត្តឡើងដោយអាជ្ញាធរចិន៕ដោយ៖ស តារា
រូបថត៖AFP