ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ការចេញ-ចូលអគារខុនដូរស្វីក (CVIK) សាខាទី២ មានទីតាំងនៅផ្លូវបេតុង ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក ក្រោយរកឃើញអ្នកស្នាក់នៅក្នុងអគារនេះ វិជ្ជមានកូវីដ១៩។
នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាក់ថា ថ្មីៗកន្លងទៅនេះមាន អ្នកជំងឺកូវីដ-១៩ បានមកស្នាក់នៅអគារខុនដូរស្វីក (CVIK) សាខាទី២ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវឱ្យផ្អាកជាបណ្តោះអាសន្នការចេញ-ចូលអគារខុនដូរស្វីក (CVIK) សាខាទី២ ជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យមានភ្ញៀវថ្មីចូលទៅស្នាក់នៅ ហើយក៏មិនអនុញ្ញាតឱ្យមនុស្សដែលកំពុងរស់ នៅក្នុងអគារខុនដូរនោះចេញ-ចូលដោយគ្មានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។
លោកគួច ចំរើន បន្តថា បច្ចុប្បន្នក្រុមការងាររដ្ឋបាលខេត្ត នឹងរៀបចំទីតាំងនេះ ជាមណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យយកសំណាកពីអ្នករស់នៅ ក្នុងអគារខុនដូរស្វីក (CVIK) សាខាទី២ ទាំងអស់ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទ ក្នុងអគារខុនដូរស្វីក (CVIK) សាខាទី២ ជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័ក ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី៕ដោយ៖សហការី