ក្រសួងសុខាភិបាលបញ្ជាក់ពី ករណីស្លាប់ពីរនាក់​ ដោយសារជំងឺកូវីដ-១៩​ នាព្រឹកថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២១​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​

ចែករំលែក៖

ឮភ្នំពេញ, នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីស្លាប់បុរសជនជាតិខ្មែរចំនួន ០១នាក់ និងបុរសជនជាតិចិន ចំនួន ០១នាក់ ដោយសារជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានឱ្យដឹងថា មាន បុរស២នាក់បានស្លាប់បាត់បង់ជីវិត ដែលមានដូចខាងក្រោម ៖
ទី១. បុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ ដែលមានអាសយដ្ឋាននៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១ បានរកឃើញតេស្តវិជ្ជមាន វីរុសកូវីដ-១៩ និងបានដាក់ឱ្យសម្រាកព្យាបាលនៅសណ្ឋាគារ Great Duke ហើយរហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ដោយសារមានអាការៈហត់ បុរសខាងលើ ត្រូវបានបញ្ជូនទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយនៅថ្ងៃដដែលនេះ ក្រុមគ្រូពេទ្យបានពិនិត្យសុខភាព និងធ្វើការថតសួតរបស់គាត់ បង្ហាញថា គាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំង និងខ្សោយសួតខ្លាំង និងបានប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើមនៅថ្ងៃដដែល នោះរហូតមកដល់ថ្ងៃចុងក្រោយនេះ ប៉ុន្តែដោយសារការរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំងទៅៗ និងខ្សោយរសូតខ្លាំងទៅៗ អ្នកជំងឺ បានបាត់បង់ជីវិតនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៧:៣៥នាទីព្រឹក ទោះជាមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីសមត្ថភាពពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ ។

២. និងបុរសជនជាតិចិន អាយុ ៤៣ឆ្នាំ ដែលមានអាសយដ្ឋាននៅសណ្ឋាគារឃុងយ័ន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានរកឃើញតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ហើយបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ នៅថ្ងៃដដែលនោះហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២១ អាការៈបុរសនេះមានសភាពហត់ខ្លាំងជាមួយនិងលទ្ធផលពីក្រុមគ្រូពេទ្យ ពិនិត្យឃើញថា មានការថយចុះនូវអុកស៊ីហ្សែនសម្រាប់ការដកដង្ហើមខ្លាំង ក៏បានបញ្ជូនបន្តព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៨ខែមីនាឆ្នាំ២០២១។ ការពិនិត្យសុខភាព និងការថតសួតបានបង្ហាញថាគាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំង និង ខ្សោយសូតខ្លាំង ហើយក្រុមគ្រូពេទ្យបានផ្តល់ការព្យាបាលតាមបច្ចេកទេស និងប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែមតាំងពីថ្ងៃ នោះមក ប៉ុន្តែទោះជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ ជាអកុសល មិនអាចជួយសង្គ្រោះ បាន ក៏បុរសនេះបានធ្វើមរណៈកាលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៧:៤៥នាទីព្រឹក ។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសទាំង២ខាងលើ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វៃលុកលឿន ធ្វើ ឱ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ និងខ្សោយសូតខ្លាំងពេក។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

អាស្រ័យហេតុដូចបានជម្រាបជូណខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print