ខេត្តសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះថា បុរសជេីងខ្លាំងម្នាក់ ដែលជាជាងជួសជុលម៉ូតូ តាមចិញ្ចើមផ្លូវក្នុងក្រុងព្រះសីហនុ បានទាញដាវមកគំរាមកាប់សម្លាប់អាជ្ញាធរ ពេលចុះរៀបចំសណ្ដាប់ធ្នាប់ ដើម្បីរក្សាសោភណ្ឌភាព និងសណ្ដាប់ធ្នាប់ទូទៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១កន្លងទៅនោះ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះទៅឃាត់ខ្លួនដើម្បីចាត់ការតាមច្បាប់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងបន្តថា ចំពោះទង្វើ និងសកម្មភាពប្រមាថមកលើមន្ដ្រីរាជការ ពេលកំពុងបំពេញភារកិច្ចនេះជាអំពេីល្មេីសច្បាប់។
លោកស្នងការ បានបញ្ជាក់បន្ថែមថា បុរសរូបនេះមានឈ្មោះ ខៀវ ប៊ុនធឿន ស្នាក់នៅតូបមួយកន្លែង ក្បែរចិញ្ចើមផ្លូវ ហើយប្រកបអាជីវកម្មជួសជុលម៉ូតូ ព្រមទាំងលក់ភេសជ្ជមួយចំនួន ហើយនៅពេលអាជ្ញាធរ និងសមត្ថកិច្ចចុះរៀបចំសណ្ដាប់ធ្នាប់ ស្រាប់តែបុគ្គលរូបនេះមិនព្រមសហការនោះទេ។ ពោលបែរជាបញ្ចេញកាយវិការ និងប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ជេរប្រមាថ ព្រមទាំងទាញដាវសាម៉ូរ៉ៃគំរាមសមត្ថកិច្ចទៀតនោះ ទើបលោកបានបញ្ជាកម្លាំងជំនាញចាប់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕ដោយ៖សហការី