ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាចជួយកាត់បន្ថយជាអតិបរមានៃភាពធ្ងន់ធ្ងរ នៃការវាយលុកពីវិរុសកូវីដ-១៩ ប៉ុន្ដែត្រូវបន្ដអនុវត្តនុវវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារពីជំងឺដ៏កាចសាហាវមួយនេះ ។
លោកស្រីវជ្ជបណ្ឌិត ឱន វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា, ការចាក់វ៉ាកសំាងស៊ីណូហ្វាម វ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សំាងកូវីស៊ែលក៏ដោយ គឺត្រូវការរយៈពេលមួយសម្រាប់ការបង្កើតនូវកងការពារ ដូចនេះហើយទើបការចាក់លើកទី១និងលើកទី២ គឺតម្រូវឱ្យមានការចាក់ជាចាំបាច់ និងមានចន្លោះ ក្នុងពេលនៃការចាក់ ដោយអាស្រ័យទៅលើប្រភេទវ៉ាក់សំាងនីមួយៗ។ លោកស្រីបញ្ជាក់ថា ការចាក់វ៉ាក់សំាងគឺអាច ជួយកាត់បន្ថយជាអតិបរមានៃភាពធ្ងន់ធ្ងរ នៃការវាយលុកពីវិរុសកូវីដ-១៩ ប៉ុន្ដែត្រូវបន្ដអនុវត្តនុវវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារពីជំងឺដ៏កាចសាហាវមួយនេះ ។
លោកស្រីថ្លែងថា, «ការប្រើប្រាស់វ៉ាក់សាំង និងការចាក់វ៉ាក់សាំង គឺជាឧបករណ៍មួយដែល ជួយទៅដល់ការកាត់បន្ថយបានអតិបរមា នៃភាពធ្ងន់ធ្ងរ នៃការវ៉ៃលុកពីវិរុសកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ ក្រោយពីការចាក់រួច ក៏តម្រូវឲ្យបុគ្គលទាំងអស់គ្នា បន្ដអនុវត្តនូវវិធានការការពារ គឺ៣ការពារ និង៣កុំឲ្យបានត្រឹម ត្រូវជាទីបំផុត ពីព្រោះការចាក់វ៉ាក់សាំងកូវីដ-១៩នេះ វាអាចជួយយើងបង្កើតបាន កង់ការពារសម្រាប់វ៉ៃតបតជាមួយនឹង វិរុសកូវីដ-១៩ នៅពេលណាវិរុសកូវីដ-១៩ យីយេមកដល់សេរីរាងកាយរបស់យើង ហើយកង់ការពារនេះ បានជួយមិន ឲ្យវិរុសកូវីដ-១៩ មិនធ្វើឲ្យសេរីរបស់យើងធ្ងន់ធ្ងរលឿនពេក ហើយក៏មិនឲ្យយើងវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរដែរ»។
លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ស្ថានភាពឆ្លងបច្ចុប្បន្ននេះ វីរុសកូវីដ-១៩ បម្លែងថ្មី កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងរាជធានីភ្នំពេញ និងបណ្តាលខេត្តមួយចំនួនទៀត ដោយយើងមិនដឹងថាវានៅទីណាខ្លះនោះទេ ដែលមានការចម្លងបន្តគ្នាលឿនណាស់។ ដូចនេះ លោកស្រីវេជ្ជបណ្ឌិត បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវពិចារណាគិតគូរអំពីអាយុជីវិត របស់ខ្លួន ត្រូវធ្វើយ៉ាងណារក្សាខ្លួនកុំឱ្យ វិរុសកូវីដ-១៩ បម្លែងថ្មី វាយលុកមកលើសេរីរាងរបស់ប្រជាពលរដ្ឋឱ្យសោះ ដោយត្រូវចេះការពារខ្លួនឱ្យបានត្រឹមត្រូវបំផុត តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកទាំងអស់គ្នា នៅក្នុងការកាត់ផ្ដាច់នៃការចម្លងវិរុសកូវីដ-១៩នេះឲ្យ បាន ដើម្បីសុខភាពយើងទាំងអស់គ្នា ដើម្បីការចៀសផុតនៃសេចក្ដីស្លាប់ ដោយសារតែការវ៉ៃលុក នៃវិរុសកូវីដ-១៩ បម្លែងថ្មីនេះ៕
ប្រភព, ក្រសួងព័ត៌មាន