របបយោធាមីយ៉ាន់ម៉ា ប្រកាសជាថ្មីថា៖ នឹងផ្ទេរអំណាចទៅអ្នកឈ្នះការបោះឆ្នោតនៅពេលក្រោយ​ ខណៈបាតុករ១៦នាក់ទៀតបានស្លាប់

ចែករំលែក៖

អន្តរជាតិ​៖​ ប្រមុខកងទ័ពមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្រកាសជាថ្មីនៅថ្ងៃទី២៧ ខែមីនា ប្រកាសជាថ្មីថា៖ នឹងផ្ទេរអំណាចទៅអ្នកឈ្នះការបោះឆ្នោតដែលនឹងរៀបចំនៅពេលក្រោយ។ ការលើកឡើងបែបនេះរបស់របបយោធាមីយ៉ាន់ម៉ា​ អំឡុង​ពេល​រៀបចំក្បួនព្យុហយាត្រាដ៏ធំមួយដើម្បីអបអរទិវាកងទ័ព ខណៈបាតុករ១៦នាក់ទៀត បានបាត់បង់ជីវិតក្នុងការតវ៉ាប្រឆាំងរបបសឹក។

បើតាមសាក្សី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា នៅថ្ងៃទី២៧ ខែមីនា បាននិយាយថា​ មនុស្សយ៉ាងហោចណាស់​១៦នាក់ទៀត បានបាត់បង់ជីវិតនៅទីតាំងផ្សេងគ្នាអំឡុងការតវ៉ាដែលចាប់ផ្ដើមតាំងពីព្រឹកព្រលឹម ដែលធ្វើឡើងស្របទិវាកងទ័ព។ជាក់ស្ដែង​បាតុកម្មប្រឆាំងរបបយោធានៅមីយ៉ាន់ម៉ា នៅតែមិនស្រាកស្រាន្តឡើយ ដោយប្រជាជនមីយ៉ាន់ម៉ានៅតែប្រមូលផ្ដុំគ្នាតវ៉ានៅតាមទីក្រុងនានានៅស្ទើរទូទាំងប្រទេស បើទោះមានការបង្រ្កាបកាន់តែហិង្សាដោយកម្លាំងសន្តិសុខក្ដី។

អគ្គមេបញ្ជាការកងទ័ព ឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅរដ្ឋធានីណៃពិដោ​ នាឱកាសធ្វើជាអធិបតីក្នុងពិធីអបអរដល់ថ្ងៃងើបតស៊ូប្រឆាំងការគ្រប់គ្រងរបស់ជប៉ុន។ នៅចំពោះមុខកងទ័ពរាប់ពាន់នាក់ លោក មីន អ៊ុងឡាំង និយាយការពាររដ្ឋប្រហារជាថ្មី ហើយក៏សន្យាជាឱឡារិកថា នឹងប្រគល់អំណាចនៅក្រោយការបោះឆ្នោត។ លោកមិនបញ្ជាក់ពីកាលបរិច្ឆេទរៀបចំការបោះឆ្នោតនេះឡើយ តែកន្លងមកធ្លាប់និយាយថា នឹងធ្វើនៅក្រោយការបញ្ចប់ភាពអាសន្នមួយឆ្នាំដែលដាក់កាលពីខែកុម្ភៈ។

បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក មីន អ៊ុងឡាំង សង្កត់ធ្ងន់ថា៖ «ប្រជាធិបតេយ្យដែលយើងចង់បាន នឹងមិនមានវិន័យឡើយ ប្រសិនបើពួកគេមិនគោរព ហើយបំពានច្បាប់។»​ មិនតែប៉ុណ្ណោះ​ប្រមុខរបបយោធារូបនេះ ក៏ផ្ញើសារព្រមានក្រុមបាតុករដែលតវ៉ាប្រឆាំងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ដោយលោកនិយាយចំៗថា សកម្មភាពភេរវកម្មដែលបំផ្លាញភាពស្ងប់ស្ងាត់ និងសន្តិសុខជាតិ មិនអាចទទួលយកបានឡើយ។

គួជម្រាបផងដែរថា​ ជាទម្លាប់ កម្មវិធីដ៏ធំខាងលើ តែងមានវត្តមានប្រតិភូបរទេសចូលរួម ប៉ុន្តែឆ្នាំនេះមានភ្ញៀវបរទេសតិចតួចប៉ុណ្ណោះដែលបង្ហាញវត្តមានក្នុងនោះមាន៖​ តំណាងរុស្ស៊ី និងចិន ខណៈរបបយោធាកំពុងព្យាយាមស្វែងរកការទទួលស្គាល់ពីអន្តរជាតិ។

ទាក់ទិននឹងបញ្ហានេះដែរ​អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី Alexander Fomin ទំនងជាមន្រ្តីបរទេសឋានៈខ្ពស់ជាងគេដែលចូលពិធីនេះ។ លោក​ ក៏បានជួបមេដឹកនាំរបបយោធាដែលបានចាត់ទុករុស្ស៊ីជាមិត្តពិតប្រាកដរបស់មីយ៉ាន់ម៉ា៕ដោយ​៖ស​ តារា​

...

ប្រមុខកងទ័ពមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print