ករណីគ្រោះថ្នាក់រថភ្លើង នៅកោះតៃវ៉ាន់​ បណ្ដាលឲ្យមនុស្សស្លាប់ ៣៦នាក់ និងរាប់សិបអ្នកទៀតរបួស

ចែករំលែក៖

អន្តរជាតិ​៖ មនុស្សយ៉ាងហោចណាស់​ ៣៦នាក់បានស្លាប់​ និងមនុស្សរាប់សិបអ្នកទៀតរងរបួស នៅភាគខាងកើត​ នៃកោះតៃវ៉ាន់​ នៅព្រឹក​ថ្ងៃសុក្រទី០២ ខែមេសា ឆ្នាំ២០២១នេះ​ ដោយសាររថភ្លើងមួយខ្សែ ក្រឡាច់ធ្លាក់ចេញពីលើផ្លូវ ក្នុងផ្លូវរូងក្រោមដីមួយកន្លែង។

បេីតាមការ​លេីក​ឡេី​ងរបស់អាជ្ញាធរតៃវ៉ាន់​ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់រថភ្លើងខាងលើនេះ​​ គឺរថភ្លេីងមានគោលដៅធ្វើដំណើរ ឆ្ពោះទៅកាន់ទីក្រុងតៃតាំង (Taitung) ប៉ុន្តែនៅពេលកំពុងបេីកបរស្រាប់តែធ្លាក់ចេញពីផ្លូវក្នុង រូងក្រោមដីមួយកន្លែងក្បែរទីក្រុងហ័រលៀន (Hualien) ដែលបណ្តាលឲ្យទូររថភ្លើងមួយចំនួន ខ្ទាតទៅបុកនឹងជញ្ជាំងរូងក្រោមដីនោះ ខណៈរថភ្លើងនេះ បានដឹកមនុស្សសរុបប្រហែល ៣៥០នាក់។​ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។

អាជ្ញាធរ​បន្តទៀតថា​ ភ្លាមៗ​ក្រុម​ប្រតិបត្តិការជួយសង្រ្គោះកំពុងតែប្រព្រឹត្តទៅ ដោយមនុស្សជាង ១០០នាក់ គឺត្រូវបានជួយសង្រ្គោះចេញពីកន្លែងកើតហេតុ ដែលមានភាពលំបាកផងដែរ។

គួររម្លឹកដែរថា​ កាលពីឆ្នាំ២០១៨ មនុស្សសរុប ១៨នាក់បានស្លាប់ និង១៧៥នាក់បានរងរបួស នៅពេលរថភ្លើងមួយខ្សែបានក្រឡាច់ចេញពីផ្លូវ នៅភាគឦសាននៃកោះតៃវ៉ាន់ ដែលត្រូវចាត់ទុកជា គ្រោះថ្នាក់រថភ្លើងអាក្រក់បំផុតក្នុងរយៈពេល ០៣ទសវត្សរ៍ចុងក្រោយ សម្រាប់ដែនដីកោះមួយនេះ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print