ភ្នំពេញ៖ ប្រជាពលរដ្ឋជាក្រុមអាជីវករបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ទៀតបន្ទាប់ពីធ្វើសកម្មភាពចូលទៅគាស់តូបលក់ដូររបស់ពួកគាត់នៅក្នុងផ្សារឈូកមាស តែសំណាងមិនល្អត្រូវពួកគាត់ឃើញទាន់ដេញតាមពីក្រោយឃាត់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច ចំណែកឯបក្ខពួក២នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០១១ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះម៉ៅ អាយុ២០ឆ្នាំ រស់នៅផ្លូវរថភ្លើងជិតកន្លែងកើតហេតុ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះបានសារភាពថា មុនពេលធ្វើសកម្មភាពខ្លួននិងបក្ខពួក២នាក់ទៀតបានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកចូលទៅគាស់តូបបម្រុងចូលទៅយកមឹកត្រីបង្គាជាដើម ហើយភ្លាមៗនោះពេលពួកគេកំពុងតែធ្វើសកម្មភាពគាស់សោតូបស្រាប់តែខាងម្ចាស់តូបឃើញទាន់ធ្វើឲ្យពួកគេមានគ្នា៣នាក់ភ័យស្លន់ស្លោជិះម៉ូតូរត់ តែដោយសារប្រជាពលរដ្ឋជាម្ចាស់តូបបានប្រដេញតាមពីក្រោយជិះម៉ូតូរត់ទៅជិតដល់សាលារៀនសាមគ្គីក៏ត្រូវឃាត់ខ្លួនរូបគេបានម្នាក់ ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ទៅ។
បន្ទាប់កើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់យកជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ក្រាំងធ្នង់ដើម្បីសាកសួរ រួចឲ្យម្ចាស់តូបទៅដាក់ពាក្យបណ្តឹងងាយស្រួលឲ្យសមត្ថកិច្ចតាមឃាត់ខ្លួនបក្ខពួក២នាក់ទៀតយកមកចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ