វាជារឿងនឹកស្មានមិនដល់មួយបានកើតឡើង បន្ទាប់ពីមានអ្នកគាំទ្រក្រុមបាល់ទាត់ Man Utd ស្រាតននលគករត់ចូលទីលាន បើទោះការប្រកួតដំណើរការដោយបិទកីឡដ្ឋានក្តី។ ខណៈដែល Manchester United បានយកឈ្នះ Granada ដោយលទ្ធផល ២-០ ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ Europa League។
ប៉ុន្តែការរារាំងរបស់ក្រុមម្ចាស់ផ្ទះអេស្ប៉ាញនៅតែមានចន្លោះប្រហោង ដោយមានបុរសម្នាក់បានរត់ចូលទីលានអំឡុងការប្រកួតនោះនៅដើមតង់ទី១ ទាំងអាក្រាតកាយ។ ក្រោយប៉ូលីសឃាត់ខ្លួនបុរសនោះរួចរាល់ហើយ ការប្រកួតក៏បានបន្តធម្មតាវិញ។
សូមជម្រាបថា ការរឹតត្បិត ដើម្បីបង្កាការឆ្លងជំងឺកូវីដ-១៩ ចំពោះការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Granada និង Man Utd នៅកីឡដ្ឋាន Nuevo Estadio de Los Carmenes នៅរាត្រីថ្ងៃទី៨ ខែមេសា មិនត្រូវបានអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលកីឡដ្ឋានផ្ទាល់ឡើយ។
ដោយឡែកបើទោះបីជាមានហេតុការណ៍ខាងលេីនេះ បានកើតឡើងក៏ដោយ ក្រុមភ្ញៀវបិសាចក្រហមនៅតែអាចទទួលបានជ័យជម្នះលើក្រុម Granada ដោយលទ្ធផល ២-០ តាមរយៈការស៊ុតបញ្ចូលទីរបស់ Marcus Rashford និង Bruno Fernandes។
គួរបញ្ជាក់ថា លទ្ធផលនេះ បានជួយ Man Utd ក្លាយជាក្រុមមានប្រៀបក្នុងការទទួលបានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ដ្បិតមានគ្រាប់បាល់ចំណេញក្រៅដីចំនួន ២គ្រាប់។ ជំនួបជើងទី២ វគ្គ១/៤ផ្តាច់ព្រ័ត្រ រវាងក្រុមទាំងពីនៅ Old Trafford នឹងធ្វើឡើងនៅរាត្រីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១៕ដោយ៖ស តារា