ខេត្ដសៀមរាប៖ រថយន្ដប្រភេទយីឌុបភ្លៅ៥ដឹកឈើស្ទើបាក់ទ្រុង ចំនួនពីរគ្រឿង ដែលគេសង្ស័យថា ជារបស់អតីតមន្ដ្រីរដ្ឋបាលព្រៃឈើចូលនិវត្ដន៍ម្នាក់ លោក វណ្ណ សុផាណ្ណាបានគំរាមកំហែងផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ ដោយគ្មានការទប់ស្កាត់ពីមន្ដ្រីជំនាញរដ្ឋបាលព្រៃឈើ និងមន្ទីរសាធារណៈការខេត្ដសៀមរាបឡើយ ខណៈដែលរថយន្ដដឹកឈើទំងន់យក្សទាំងនោះ មានមន្ដ្រីរដ្ឋបាលព្រៃឈើខេត្ដមើលផ្លូវអោយថែមទៀត។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅវេលាជិតភ្លឺ និងនៅកណ្ដាលថ្ងៃត្រង់ថ្ងៃទី០៥ខែមិនាឆ្នាំ២០១៦នេះ មានរថយន្ដប្រភេទយីឌុភ្លៅ៥ចំនួនពីរគ្រឿង ដឹកឈើពេញព្រៀបចេញពីតំបន់ខេត្ដព្រះវិហារ ឆ្លងកាត់ខេត្ដសៀមរាប ឆ្ពោះទៅខេត្ដបន្ទាយមានជ័យ ដោយរលូនតាមបណ្ដោយផ្លូវជាតិលេខ៦ ដោយគ្មានមន្ដ្រីរដ្ឋបាលព្រៃឈើឬមន្ដ្រីមន្ទីរសាធារណៈការណាម្នាក់ចេញមុខមកត្រួតពិនិត្យឈើ និងរថយន្ដនោះឡើយ។ ប្រភពបានបន្ដថា ការដឹកជញ្ជូនឈើនេះ ត្រូវបានគេដឹងថា មានមន្ដ្រីរដ្ឋបាលព្រៃឈើម្នាក់ ឈ្មោះ ម៉ែន វុទ្ធី ហៅធី ឡយ ជាអ្នករៀបចំមើលផ្លូវរថយន្ដដឹកឈើនោះ។ ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា រថយន្ដមួយគ្រឿងបានដឹកនៅពេលយប់ និងមួយគ្រឿងទៀតនៅពេលថ្ងៃត្រង់ ក្រោមរូបភាពជារបៀបជំនៀរឈើ ដើម្បីបំភ័ន្ធភ្នែកមជ្ឍដ្ឋាននានា ប៉ុន្ដែរថយន្ដទាំងនោះបានបង្កប់ខាងក្នុងឈើល្អៗ។ ប្រភពបានបន្ថែមថា ឈើទាំងនោះមានម្ចាស់ឈ្មោះ វណ្ណសុផាណ្ណា ជាអតីតមន្ដ្រីជាន់ខ្ពស់នៃរដ្ឋបាលព្រៃឈើ និងមានអ្នករត់ការឈ្មោះ យ៉េន ឆៃ និងឈ្មោះ វិសាល។តាមសង្កេតឃើញភាពជាក់ស្ដែង នៃការដឹកជញ្ជូនឈើតាមរថយន្ដខ្នាតយក្សនោះ អាចមានទម្ងន់លើសពី៥០តោនក្នុងមួយរថយន្ដ ដែលរងការគំរាមកំហែងដល់ផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ ហាក់ដូចជាសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត ដូចជាមន្ទីរសាធារណៈការ និងរដ្ឋបាលព្រៃឈើទទួលលាភសក្ការៈពីបទល្មើសនោះ។
ទាក់ទងករណីនេះ លោក ជួត ច័ន្ទតារា បានឲ្យដឹងថា លោកមិនបានដឹងការដឹកជញ្ជូនឈើដោយរថយន្ដខ្នាតយក្សនោះទេ ព្រោះនៅរវល់ក្នុងខេត្ដ ដោយប្រាប់អោយសួរឈ្មោះស៊ន់ ដែលប្រចាំការនៅកន្លែងជញ្ជីងថ្លឹងរថយន្ដនោះ។
ចំណែកលោក ម៉ែន វុទ្ធី ហៅធី ឡយ ជាមន្ដ្រីរដ្ឋបាលព្រៃឈើខេត្ដសៀមរាបជាអ្នកមើលការខុសត្រូវលើកការដឹកជញ្ជូននោះ បានឲ្យដឹងថា ឈើពីរថយន្ដយក្សនោះគ្មានច្បាប់អនុញ្ញាតិនោះទេដោយសារជាជំនៀរឈើដែលលោក វណ្ណ សុផាណ្ណា ដឹកចេញពីខេត្ដព្រះវិហារ ដើម្បីយកទៅខេត្ដបន្ទាយមានជ័យ៕ ជានិរន្ដរ៍



