ភ្នំពេញ, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, អស់រយៈពេល២ឆ្នាំហើយ ដែលកម្ពុជាយើងបានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីនៅតាមផ្ទះរៀងៗខ្លួន ដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ១៩។ ទោះបីយើងមិនបានធ្វើពិធីបុណ្យជួបជុំគ្នាច្រើនអ៊ូអរនៅខាងក្រៅ ក៏យើងនៅតែគោរពទៅតាមប្រពៃណីទំនៀមទម្លាប់ជាតិ ប៉ុន្តែនៅពេលនេះគឺធ្វើទៅតាមគន្លងបែបថ្មីមួយរយៈដើម្បីចៀសផុតពីជំងឺឆ្លងកូវីដ១៩។ សូមបងប្អូនជនរួមជាតិប្រុងប្រយ័ត្នធូបទៀនដុតនៅក្នុងផ្ទះចៀសវាងអគ្គីភ័យជាយថាហេតុណាមួយដោយសារមិនបានប្រុងប្រយ័ត្នជាមុន។
សម្តេចសូមបងប្អូនបន្តអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។ សូមអរគុណបងប្អូនជនរួមជាតិដែលបានយោគយល់ដល់ការដាក់បម្រាមគោចរមិនអោយធ្វើដំណើរឆ្លងកាត់ខេត្តជាបណ្តោះអាសន្នមួយរយៈពេលខ្លី ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស។
សូមកុំចេញក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់ ហើយត្រូតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល ឬទឹកអាល់កុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតឱ្យឆ្ងាយពីគ្នាយ៉ាងហោចណាស់១ម៉ែត្រកន្លះ។ ចំពោះអ្នកធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវហ្មត់ចត់បំផុត។
នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃនេះ ខ្ញុំនិងភរិយាសូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គនិងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមព្រំដែនមានសុខភាពល្អ ចៀសផុតពីជំងឺកូវី-១៩ ព្រមទាំងពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ, សុខ ខេមរា