លោក គឹម សន្ដិភាព៖ អ្នកល្មើសវិធានការបិទខ្ទប់មិនឲ្យចេញក្រៅផ្ទះ នឹងប្រឈមជាមួយការជាប់ពន្ធនាគារ

ចែករំលែក៖

 

ភ្នំពេញ ៖ សាលសវនាការរបស់សាលាដំបូងរាជធានីខេត្ត ត្រូវបានត្រៀមរួចរាល់សម្រាប់កាត់ក្តីក្នុងករណីអ្នកបំពានវិធានការរដ្ឋបាល និងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩! ។ នេះជាការបញ្ជាក់ពី លោករដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ គឹម សន្តិភាព។

លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់បណ្ដាញសាព័ត៌មានផ្លូវការ នៅមុននេះបន្ដិចនាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះថា, អ្នកដែលល្មើសវិធានការបិទខ្ទប់មិនឲ្យចេញក្រៅផ្ទះ នឹងប្រឈមជាមួយការជាប់ពន្ធនាគារ។

លោក គឹម សន្ដិភាព បានអះអាងថា វិធានការបិទខ្ទប់មិនឲ្យមានការបំលាស់ទីពីកន្លែងមួយ ទៅកន្លែងមួយ គឺដើម្បីតែកាត់ផ្ដាច់នូវការចម្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ ដូច្នេះសូមប្រជាពលរដ្ឋចូលរួមអនុវត្តតាមវិធានការនេះឲ្យមានប្រសិទ្ធភាព ព្រោះវិធានការនេះត្រូវបានអនុវត្តយ៉ាងតឹងរឹងបំផុត។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានថ្លែងយ៉ាងដូច្នេះថា «សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ មេត្ដាជ្រាបថា វិធានការបិទខ្ទប់ ត្រូវបានដាក់ចេញដើម្បីកាត់ផ្ដាច់នូវការបំលាស់ទីរវាងមនុស្ស ពីផ្ទះមួយ ទៅផ្ទះមួយ ពីទីកន្លែងមួយទៅទីកន្លែងមួយ ពីតំបន់មួយទៅតំបន់មួយ ដូច្នេះវិធានការនេះ ត្រូវបានអនុវត្តយ៉ាងតឹងរឹងចំពោះការធ្វើដំណើរ ចំពោះការជួបជុំ និងចំពោះសកម្មភាពអាជីវកម្មដែលមិនបម្រើឲ្យតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្ដាចូលរួមអនុវត្តនូវវិធានការនេះឲ្យបានត្រឹមត្រូវទៅតាមអ្វីដែលបានដាក់ចេញ បើពុំនោះទេបងប្អូននឹងទទួលបាននូវ ការអនុវត្តច្បាប់ ពីអាជ្ញាធរមានសមត្ថកិច្ច ដែលរួមមានទាំងការពិន័យជាប្រាក់ និងការដាក់ទណ្ឌកម្មតាមរយៈការផ្ដន្ទាទោសដាក់ពន្ធនាគារផងដែរ»។

លោក គឹម សន្ដិភាព សង្ឃឹម និងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលត្រូវបានបិទខ្ទប់ ពិសេសនៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ចូលរួមសហការអនុវត្តទាំងអស់គ្នា ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រកាសបញ្ជាដាច់ណាត់ចាប់ពីថ្ងៃស្អែកមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចេញពីផ្ទះ បើនរណាម្នាក់នៅតែល្មើស កម្លាំងសមត្ថកិច្ច នឹងចាប់ឃាត់គ្រប់មធ្យោបាយធ្វើដំណើរ ផាកពិន័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ថ្លែងចេញបទបញ្ជាពីរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រកាសតាមបណ្តាញសារព័ត៌មានផ្លូវការ ជូនសាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះតទៅ ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យធ្វើចរាចរនៅរាជធានីភ្នំពេញជាដាច់ខាត គឺមិនឲ្យចាកចេញពីផ្ទះ ប្រសិនបើនរណាម្នាក់នៅតែល្មើស នឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៩ សសរ. ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កងកម្លាំងសមត្ថកិច្ចនឹងចាប់ឃាត់គ្រប់មធ្យោបាយធ្វើដំណើរ និងផាកពិន័យ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោស។

ការប្រកាសដាក់បទបញ្ជាដាច់ណាត់របស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារពិសេសមួយបញ្ជា ឱ្យរឹតបន្តឹង និងអនុវត្តច្បាប់ចំពោះជនដែលចល័តចុះឡើង ផ្ទុយពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print