ស្អែកអ្នកនៅរាជធានីភ្នំពេញ ! មិនអនុញ្ញាតឲ្យចេញពីផ្ទះ, បើល្មើសបញ្ជូនទៅតុលាការហើយ !

ចែករំលែក៖

ភ្នំពេញ, លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រកាសបញ្ជាដាច់ណាត់ចាប់ពីថ្ងៃស្អែកមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចេញពីផ្ទះ បើនរណាម្នាក់នៅតែល្មើស កម្លាំងសមត្ថកិច្ច នឹងចាប់ឃាត់គ្រប់មធ្យោបាយធ្វើដំណើរ ផាកពិន័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ថ្លែងចេញបទបញ្ជាពីរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រកាសតាមបណ្តាញសារព័ត៌មានផ្លូវការ ជូនសាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះតទៅ ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យធ្វើចរាចរនៅរាជធានីភ្នំពេញជាដាច់ខាត គឺមិនឲ្យចាកចេញពីផ្ទះ ប្រសិនបើនរណាម្នាក់នៅតែល្មើស នឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៩ សសរ. ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កងកម្លាំងសមត្ថកិច្ចនឹងចាប់ឃាត់គ្រប់មធ្យោបាយធ្វើដំណើរ និងផាកពិន័យ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោស។

ការប្រកាសដាក់បទបញ្ជាដាច់ណាត់របស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារពិសេសមួយបញ្ជា ឱ្យរឹតបន្តឹង និងអនុវត្តច្បាប់ចំពោះជនដែលចល័តចុះឡើង ផ្ទុយពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
ក្នុងសារសំលេងដាក់ចេញបទបញ្ជាពង្រឹងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះការអនុវត្តន៍ច្បាប់ ដោយចាប់បញ្ជូនទៅកាន់តុលាការ ចំពោះជនបំពានច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឬវិធានការនានាដែលអាជ្ញាធរបានដាក់ចេញ។

សម្តេចតេជោ ហ៊ុនសែន បានគូសបញ្ជាក់ថា នៅតែមានជនបំពានច្បាប់ និងវិធានការដែលអាជ្ញាធរបានដាក់ចេញក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដូចជាការជួបជុំគ្នាផឹកស៊ី ឬការលួចធ្វើដំណើរឆ្លងខេត្តជាដើម។

សម្រាប់សម្តេចតេជោ ចំពោះជនទាំងនេះ មិនអាចលើកលែងបាននោះឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ «ខ្ញុំរីករាយជាមួយព័ត៌មានថា មានអ្នកបំពានច្បាប់ ហើយត្រូវបានចាប់បញ្ជូនទៅតុលាការ។ ខ្ញុំលើកទឹកចិត្តឱ្យមានការអនុវត្តន៍ច្បាប់ចាប់បញ្ជូនទៅតុលាការដោយគ្មានការលើកលែង សម្រាប់មនុស្សណាក៏ដោយ ដែលបំពានលើបំរាមនៃការបិទខ្ទប់ ហើយក៏ដូចជាការបំពានទៅលើអនុក្រឹត្យ និងបទបញ្ញត្តិទាំងឡាយ»។

សូមបញ្ជាក់ថា មកដល់ពេលនេះ មានមនុស្សជាច្រើននាក់ហើយ ត្រូវបានផាកពិន័យ និងចាប់បញ្ជូនទៅកាន់តុលាការ ដោយសារពួកគេបំពានវិធានការរបស់អាជ្ញាធរ ដូចជាការជួបជុំផឹកស៊ី និងលួចធ្វើដំណើរឆ្លងខេត្តជាដើម៕

...

ដោយ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print