ខេត្តកំពង់ចាម៖ បេីយោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋបានលួចបង្ហេីបប្រាប់ថា ករណីជនបង្ក (អតីតម្ចាស់សង្វៀនបញ្ជល់មាន់) ដែលស្រវឹងស្រាប្រើប្រាស់អាវុធខ្លីម៉ាករ៉ូឡូ បាញ់ទៅលើគូទំនាស់នៅក្នុងវង់ផឹកស៊ី បណ្ដាលឲ្យរងរបួសមួយគ្រាប់ត្រង់ជើងខាងស្ដាំ នៅឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីប៉ុន្មានថ្ងៃមុននោះ។ រហូតមកដល់រសៀលថ្ងៃទី១៨ មេសា ២០២១ កម្លាំងសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនជនដៃដល់បាននៅឡើយនោះទេ។
បេីតាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន ក៏បានឲ្យដឹងដែរថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បាញ់ដោយអាវុធខ្លីបណ្តាលឱ្យរងរបួស) បានកេីតឡេីងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទីល្ងាច នៅចំណុចកោះស្វា ស្ថិតនៅក្នុងភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បង្កឡើងដោយជនសង្ស័យឈ្មោះ អេង សុវណ្ណារ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិស្ពង់សាខាចាស់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ដោយមានស្ថានភាពស្រវឹងស្រា ហើយក៏បានធ្វើសកម្មភាពយកអាវុធខ្លីម៉ាករ៉ូឡូ បាញ់ទៅលើជនរងគ្រោះឈ្មោះ អេល យ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិខ្មែរ-អ៊ិស្លាម មានទីលំនៅក្នុងភូមិគីឡូតិ៍៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន០១គ្រាប់ បណ្តាលឱ្យរងរបួសត្រូវចំក្បាលជង្គង់ខាងស្តាំចំនួន១កន្លែង (មូលហេតុមានទំនាស់ពាក្សសំដី) ។
ប្រភពដដែល បន្តថា បន្ទាប់ពីបាញ់ប្រហារលើជនរងគ្រោះរួចមក ជនបង្កដែលប្រដាប់ដោយអាវុធខ្លីនោះ ក៏បានគេចខ្លួនបាត់ចេញពីកន្លែងផឹកស៊ីបាត់តែម្តង។ ចំណែកជនរងគ្រោះក៏មានមិត្តភក្កិបានយករថយន្តដឹកបញ្ជូមកសង្គ្រោះនៅមន្ទីរខេត្តកំពង់ចាម នឹងត្រូវបានក្រុមគ្រូពេទ្យព្យាបាលមុខរបួសរួចរាល់ ក៏បានវិលត្រឡប់ទៅផ្ទះវិញ ដោយសារតែមិនមានរងរបួសធ្ងន់ធ្ងរនោះទេ ។
ក្រោយពីកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលសហការជាមួយជំនាញព្រហ្មទណ្ឌស្រុកបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និងបានស្វែងរកតាមចាប់ខ្លួនជនដៃដល់ តែជននោះបានរត់គេចខ្លួនចេញពីមូលដ្ឋានបាត់ទៅហើយ។ បន្ថែមពីនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានលួចបង្ហេីបប្រាប់ថា ជនដៃដល់ឈ្មោះ រ៉ាន់ មានកៅស៊ូជាច្រើនហិកតា ហើយចំពោះអាវុធខ្លីម៉ាករ៉ូឡូនោះ មិនដឹងថាជននេះបានពីណាមកទេ ក្រោយពេលកើតហេតុជនបង្កក៏រត់គេចខ្លួន យកទាំងអាវុធទៅជាមួយផងដែរ។
គួរបញ្ជាក់ថា ទាក់ទិននឹងបញ្ហានេះដែរ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីស្រាវជ្រាវ និងអង្កេតបន្តទៀត នឹងស្វែងរកចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់៕ដោយ៖សហការី
រូបភាព៖ជនរងគ្រោះ រងរបួសជេីងត្រូវនឹងគ្រាប់កាំភ្លេីង