រដ្ឋបាលខេត្តកំពង់ធំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០១នាក់ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តកំពង់ធំ : រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណៈជនជ្រាបថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ ឈ្មោះ ផៃ វណ្ណដា អាយុ ៣១ឆ្នាំ រស់នៅ ភូមិព្រែកក្រោល ឃុំត្នោតជុំ ស្រុកបារាយណ៍។ បច្ចុប្បន្នបុគ្គលខាងលើនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។

ឆ្លងតាមការសាកសួរយ៉ាងហ្មត់ចត់រកឃើញថា បុរសដែលវិជ្ជមានកូវីដ១៩ខាងលើ បានឆ្លងពីម្ដាយ (ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១) ពេលដែលគាត់ទៅមើលថែឪពុក មានជំងឺនៅមន្ទីរពេទ្យព្រះកុសុមៈ រាជធានីភ្នំពេញ។ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១,គាត់បានជិះរថយន្តឈ្នួល ត្រលប់មកខេត្តកំពង់ធំវិញ ដោយមានភ្ជាប់នូវលិខិតបញ្ជាក់ពីពេទ្យ។ បន្ទាប់មកនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ គាត់បានជិះម៉ូតូជាមួយអ៊ុំប្រុស (រស់នៅភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក) ទៅខេត្តក្រចេះតាមផ្លូវភ្នំជីដោយបាន ស្នាក់នៅក្នុងខ្ទមចំការតំបន់ក្រុមហ៊ុនដំបូកស ខេត្តក្រចេះ មួយយប់។ លុះព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ គាត់បានចូលទិញសម្ភារៈសែននៅផ្ទះរបស់ឈ្មោះ ឃឹម ជាមេការក្រុមហ៊ុន ដើម្បីទៅសែននៅកន្លែងដែលឪពុកខ្លួន មានគ្រោះថ្នាក់បាក់ដើមឈើសង្កត់លើ រួចទើបត្រលប់មកកំពង់ធំវិញដោយបានចូលផ្ទះបាយនៅផ្សារទំរឹង។ ពេល មកដល់ផ្ទះក៏ត្រូវបានអាជ្ញាធរបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យជាស៊ីមកំពង់ថ្ម ។ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងទទួលបានលទ្ធផល វិជ្ជមាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ចំនួន ០៤នាក់, (០៣នាក់ជាក្រុមគ្រួសារ និង០១នាក់ជាអ្នកបើកបររថយន្តឈ្នួល) និងបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កស្រុកសន្ទុក។ អាជ្ញាធរនឹងខិតខំបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយប្រយោលផ្សេងទៀតឲ្យបានឆាប់រហ័សបំផុត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសវិធានការ “ពាការពារ ៣កុំ” ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print