ភ្នំពេញ៖ បើតាមការបញ្ជាក់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ក្រុងបូកគោ នៃខេត្តកំពត នឹងប្រព្រឹត្តទៅលើកទី១ ។ នេះបើយោងសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា លេខ ៤៧ សសរ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ស្តីពីការប្រកាស កាលបរិច្ឆេទ នៃការបោះឆ្នោត លើកទី១ ដើម្បីជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត។
បេីយោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា លេខ ៦៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ស្តីពីការកំណត់ចំនួន សមាជិកក្រុមប្រឹក្សា ក្រុងបូកគោ នៃខេត្តកំពត សម្រាប់អាណត្តិទី១ មាត្រា១ “ ត្រូវបានកំណត់ចំនួន សមាជិកក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត សម្រាប់អាណត្តិទី១ មានចំនួន ១៣ នាក់ ដោយអនុលោម តាមមាត្រា ១៨ ថ្មី នៃច្បាប់ស្តីពី ការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ” ។
បន្ថែមពីនេះ គ.ជ. ប បន្តថា ការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សា ក្រុងបូកគោ មានអ្នកបោះឆ្នោតសរុបចំនួន ១៧ រូប ជាក្រុមប្រឹក្សាសង្កាត់ ក្នុងមុខតំណែងនៃសង្កាត់ ចំនួន ៣រួមមាន៖
– សង្កាត់បឹងទូក មានអង្គបោះឆ្នោតចំនួន ៥រូប
– សង្កាត់កោះតូច មានអង្គបោះឆ្នោតចំនួន ៥រូប
– សង្កាត់ព្រែកត្នោត មានអង្គបោះឆ្នោតចំនួន ៧រូប
យោងតាមមាត្រា ១៤ នៃច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពី វិសោធនកម្ម នៃច្បាប់នេះ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានក្រុម ប្រឹក្សា របស់ខ្លួន ដែលត្រូវបាន ជ្រើសរើសឡើង តាមការបោះឆ្នោតអសកល ស្របតាម នីតិវិធី ដែលកំណត់ ដោយច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹ ក្សា ស្រុក ក្រុមប្រឹក្សាខណ្ឌ ដែលហៅកាត់ថា “ ក្រុមប្រឹក្សា” ។
សូមជម្រាបថា ក្រុងបូកគោ នៃខេត្តកំពត គឺជាក្រុងដែលទើបតែបង្កើតថ្មី ដោយអនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១៕ដោយ៖សហការី