ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ រួមជាមួយភរិយា បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ នាំយកអំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយបានបែងចែកគណៈអភិបាលខណ្ឌ ចុះចែកជូនដល់ប្រជាពរដ្ឋមានជីវភាព ទ័លក្រ និង ខ្វះខាតស្បៀងអាហារក្នុងមូលដ្ឋានរបស់ខ្លួន អំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ។
លោក សុខ ពេញវុធ បានឲ្យដឹងថ្ងៃសុក្រ ១២ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះថា អំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានចែកជូនដល់ប្រជាពរដ្ឋមានជីវភាព ទ័លក្រ និង ខ្វះខាតស្បៀងអាហារ នៅសង្កាត់វត្តភ្នំ ចំនួន ១០០ គ្រួសារ និងសង្កាត់ផ្សារថ្មី៣ ចំនួន ២០០គ្រួសារ សរុបចំនួន ៣០០ គ្រួសារ ក្នុងដំណាក់កាលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីជួយសម្រាលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយនេះផងដែរ ។
ជាមួយគ្នានោះ នៅថ្ងៃទី២៣ ខែមេសានេះដែរ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញអមដំណើរលោក ម៉ាន់ ឈឿន សមាជិកព្រឹទ្ធសភាមណ្ឌលភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង លោកស្រី ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ទីទ័លក្រ និង ខ្វះខាតស្បៀងអាហារ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្នុងដំណាក់កាលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ការចែកជូនអំណោយនេះដែរ បានធ្វេីឡេីងនៅទីតាំងបរិវេណខាងមុខសាលាសង្កាត់បឹងរាំង ដែលមានប្រជាពលរដ្ឋសរុបចំនួន ៥២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន៖គ្រឿងឧបភោគបរិភោគ ០១ប្រអប់ ដើម្បីជួយសម្រាលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយនេះផងដែរ៕ដោយ៖ស តារា