អំណោយសម្តេចតេជោ បានប្រគ្រល់ជូនដល់ដៃប្រជាពលរដ្ឋដោយផ្ទាល់ តាមរយៈអភិបាលខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ រួម​ជាមួយ​ភរិយា​ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ​ នាំយកអំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន សែន តាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយបានបែងចែកគណៈអភិបាលខណ្ឌ ចុះចែកជូនដល់ប្រជាពរដ្ឋមានជីវភាព ទ័លក្រ និង ខ្វះខាតស្បៀងអាហារក្នុងមូលដ្ឋានរបស់​ខ្លួន​ អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ ​។

លោក​ សុខ​ ពេញវុធ​ បានឲ្យដឹងថ្ងៃសុក្រ ១២ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះថា​ អំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន សែន​ ត្រូវបានចែកជូនដល់ប្រជាពរដ្ឋមានជីវភាព ទ័លក្រ និង ខ្វះខាតស្បៀងអាហារ​ នៅសង្កាត់វត្តភ្នំ ចំនួន ១០០ គ្រួសារ និងសង្កាត់ផ្សារថ្មី៣ ចំនួន ២០០គ្រួសារ សរុបចំនួន ៣០០ គ្រួសារ ក្នុងដំណាក់កាលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីជួយសម្រាលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយនេះផងដែរ ។

ជាមួយគ្នានោះ​ នៅថ្ងៃទី២៣​ ខែមេសានេះ​ដែរ​ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញអមដំណើរលោក ម៉ាន់ ឈឿន សមាជិកព្រឹទ្ធសភាមណ្ឌលភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង លោកស្រី​ ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ទីទ័លក្រ និង ខ្វះខាតស្បៀងអាហារ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្នុងដំណាក់កាលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ការចែកជូនអំណោយនេះដែរ​ បានធ្វេីឡេីងនៅទីតាំងបរិវេណខាងមុខសាលាសង្កាត់បឹងរាំង ដែលមានប្រជាពលរដ្ឋសរុបចំនួន ៥២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន៖គ្រឿងឧបភោគបរិភោគ ០១ប្រអប់ ដើម្បីជួយសម្រាលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយនេះផងដែរ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print