ប្រភពព័ត៌មានពីមន្ត្រីក្នុងតំបន់បានបញ្ជាក់ថា មនុស្ស៣នាក់បានបាត់បង់ជីវិត និង៦នាក់ផ្សេងទៀតសង្ស័យថាបានស្លាប់ បន្ទាប់ពីហេតុការណ៍បាក់អណ្តូងរ៉ែស្ថិតនៅតំបន់ដាច់ស្រយាលភាគកណ្តាលរបស់ហ្វីលីពីនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥។
លោកស្រី Rhodora Cadiao មន្ត្រីទទួលខុសត្រូវជាន់ខ្ពស់នៅក្នុងតំបន់ថ្លែងថា កម្មករអណ្តូងរ៉ែទាំង៩នាក់នេះប្រើប្រាស់ម៉ាស៊ីនធុនធ្ងន់បូមទឹកសមុទ្រចេញពីអណ្តូងរ៉ែ នៅពេលនោះស្រាប់តែផ្ទាំងជញ្ជាំងមួយបាក់សង្កត់ធ្លាក់ចូលក្នុងអណ្តូងរ៉ែនោះតែម្តង។
លោកស្រីបន្តថា ភ្លៀងធ្លាក់ខ្លាំងជាផ្នែកមួយនាំឲ្យហេតុការណ៍គ្រោះថ្នាក់កើតឡើងផងដែរ។ មនុស្ស៩នាក់បានកប់នៅទីនោះ ហើយក្នុងចំណោមពួកគេខ្លះត្រូវបានរកឃើញ និងបាត់បង់ជីវិត។ គេបានរកឃើញសាកសពកម្មករ៣នាក់ ចំណែក៦នាក់ផ្សេងទៀតរកមិនទាន់ឃើញ។ នេះបើតាមប្រភពពីវិទ្យុ DZBB ដែលបានធ្វើបទសម្ភាសន៍ជាមួយលោកស្រី Rhodora Cadiao ។
អណ្តូងរ៉ែដែលជួបគ្រោះថ្នាក់កើតឡើងខាងលើត្រូវអាជ្ញាធរបញ្ជាឲ្យផ្អាកជាបណ្តោះអាសន្នដើម្បីបើកការស៊ើបអង្កេតរកមូលហេតុនាំឲ្យគ្រោះថ្នាក់កើតឡើង។ ហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងផងដែរកាលពីឆ្នាំ២០១៣នៅអណ្តូងរ៉ែដដែលនេះបណ្តាលឲ្យស្លាប់មនុស្ស៥នាក់។ ទីតាំងអណ្តូងរ៉ែស្ថិតនៅភាគកណ្តាលហ្វីលីពីន ក្នុងដែនកោះ Visayas ។ គេចំណាយពេល៤ម៉ោងធ្វើដំណើរតាមទូកទៅកាន់ទីនោះ ហើយបើធ្វើដំណើរតាមយន្តហោះវិញ គឺចំណាយពេល១ម៉ោងចេញពីទីក្រុងម៉ានីល ៕