ភ្នំពេញ, អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា,អ្នកពាក់ព័ន្ធ សរុបចំនួន ៦២ នាក់ ត្រូវបានរកឃើញ វិជ្ជមានមេរោគកូវីដ-១៩ (COVID-19) គិតត្រឹមថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០៖៣០ ព្រឹកនេះ ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា, នៅផ្ទះ គឺជាជម្រេីសដ៏ល្អមួយ សម្រាប់ការពារការចម្លងជំងឺកូវីដ-១៩។ វិធានការបិទខ្ទប់ គឺជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះដែលមានពេលកំណត់ មិនមែនជាការចាក់សោរជារៀងរហូតដែលមនុស្សមិនអាចធ្វេីអ្វីបាននោះឡេីយ។ វាជាការចាំបាច់ណាស់ ដែលយេីងត្រូវរៀបចំទុកជាមុន មុននឹងពេលដេីរចេញពីវិធានការបិទខ្ទប់ បើមិនដូច្នោះទេ ការផ្ទុះឡេីងនូវការចម្លងរាលដាលខ្លាំងថ្មីមួយទៀត នឹងអាចកេីតឡេីង ហេីយអាចមានគ្រោះថ្នាក់ខ្លាំងជាងនាពេលនេះទៅទៀត ព្រោះនៅពេលនោះ មនុស្សគ្រប់គ្នាទាំងអ្នកចាត់ចែងដាក់វិធានការ និងអ្នកដែលត្រូវអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺដ៏កាចសាហាវនេះ មានការហត់នឿយ និងអស់ថាមពលទៅហេីយ ចុះទម្រាំមានការផ្ទុះចេញសារជាថ្មីទៀតនោះ នៅពេលដែលកម្លាំងយេីងមិនទាំងទាន់បានស្រាកស្រាន្តផងនោះ ឫអាចនិយាយបានថា អស់ថ្ម តែថ្មនោះមិនទាន់ទាំងបានសាកបញ្ចូលពេញវិញផង តេីនឹងក្លាយទៅជាយ៉ាងណា? ធនធានប្រហែលជាមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ការចម្លងដែលជានិន្នាការចម្លងមួយដែលអាចកេីតមានជាបន្តបន្ទាប់ប្រសិនបើបុគ្គលម្នាក់ៗ និងសហគមន៍ មិនធ្វើសកម្មភាពជាមួយគ្នា ជួយគ្នា ដើម្បីការពារការផ្ទុះឡេីងនូវការឆ្លងវីរុសកូវីដ-១៩ សារជាថ្មីឡើងវិញ បន្ទាប់ពីការដេីរចេញពីវិធានការបិទខ្ទប់នាពេលខាងមុខ (ទោះជាការដេីរចេញនូវវិធានការបិទខ្ទប់អាចកេីតមានក្នុងពេលឆាប់ ឫយូរក៏ដោយ)។ ខ្ញុំសឹងតែមិនហ៊ានគិតដល់ចំណុចនោះទេ តែខ្ញុំត្រូវតែបង្ហាញជាមុន ដេីម្បីជូនដល់លោកអ្នក មានការប្រុងប្រយ័ត្នលេីចំណុចនេះទាំងអស់គ្នា។
សូមបញ្ជាក់ថា, ទោះជានៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលចេញសេចក្តីសម្រេច ស្តីពី ការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និង ការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ក៏ដោយ ក៏ ទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ នៅតែបន្តបិទខ្ទប់ រហូតដល់ថ្ងៃទី ២៨ មេសា ឆ្នាំ២០២១! សូមបងប្អូនបន្តចូលរួម!
ដោយ, សុខ ខេមរា