អាជ្ញាធរបិទខ្ទប់ ភូមិចំនួន២ ក្នុងឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីរកឃើញមានជនជាតិវៀតណាម៤នាក់​ មា​នវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖ ភូមិចំនួន២ គឺភូមិកំពង់ព្រះ និងភូមិឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវ​បានអាជ្ញាធរ​ បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នសិន បន្ទាប់ពីរកឃើញជនជាតិវៀតណាម ៤នាក់ វិជ្ជមានកូវីដ-១៩​ កាលពីវេលាម៉ោង ៥​ និង០០នាទីល្ងាច ថ្ងៃទី២៦ ខែមេសាម្សិលមិញនេះ។

បេីតាមការ​បញ្ជាក់ពី​លោក យិន សារិន អភិបាលស្រុកបរិបូណ៌ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ​២០២១នេះ​ថា អាជ្ញាធរសម្រេចបិទភូមិទាំង២ ខាងលើ ជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងមូលដ្ឋាន ព្រោះថាត្រឹមតែ ២ថ្ងៃ គឺនៅថ្ងៃទី២៥-២៦ ខែមេសាម្សិលមិញ​ អាជ្ញាធរ និងមន្ត្រីសុខាភិបាល បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ ជាជនជាតិវៀតណាម។

អភិបាលស្រុកបរិបូណ៌រូបនេះ​ បន្តថា​ ចំពោះ​អ្នកទាំង ៤នេះ គឺជាគ្រួសារ និងសាច់ញាតិ ដែលរស់នៅជាមួយគ្នារួមមាន៖

ទី​១​;​ ឈ្មោះ ជិន ធីហឿង ភេទស្រី អាយុ២៧ឆ្នាំ រកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១​ ;​ និងរកឃើញវិជ្ជមានកូវីដ-១៩ ៣នាក់ទៀត ឈ្មោះ ហ្វៀង យ៉ាំងហៀង ភេទប្រុស អាយុ៥២ឆ្នាំ, ឈ្មោះ តុង ធីគា ភេទស្រី អាយុ៤៨ ឆ្នាំ, និងឈ្មោះ តុង ធីអៀង ភេទស្រី អាយុ១០ឆ្នាំ​ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

បន្ថែមពីនេះ​លោក យិន សារិន ក៏បានអំពាវនាវ​ចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយនឹងអ្នកមានវិជ្ជមានកូវីដ១៩ ទាំង៤នាក់ខាងលើនេះ មានចំនួន៣២នាក់ ក្នុងនោះខ្មែរ២នាក់ ត្រូវបានក្រុមគ្រូពេទ្យបានធ្វើតេស្តលើកទីមួយ តាមឧបករណ៍ថ្មីលទ្ធផលជាបឋម (អវិជ្ជមាន) ហើយត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកបរិបូណ៍ និងមួយចំនួនទៀតអាជ្ញាធរអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដើម្បីតាមដានជាបន្ត។

ដោយ​ឡែក​ជុំវិញបញ្ហានេះដែរ​ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន​ បានបញ្ជាក់ដែរថា ជនជាតិវៀតណាម ៣នាក់ រស់នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ដែលរកឃើញវិជ្ជមានតាមឧបករណ៍ថ្មីកាលពីថ្ងៃទី២៦ ខែមេសា មិនទាន់កំណត់ថាជា វិជ្ជមានកូវីដ១៩ នៅឡើយនោះទេ គ្រាន់តែជាលទ្ធផលធ្វើតេស្តជាបឋមតែប៉ុណ្ណោះ ដោយរង់ចាំលទ្ធផលពីប៉ាស្ទ័រ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលសិន ទើបយកជាផ្លូវការបាន។

លោក​ប្រធានមន្ទីរសុខាភិបាលខេត្ត​ បន្តទៀតថា​ ករណីខាងលើនេះ បើទោះជាមិនទាន់ជាផ្លូវការចេញដោយក្រសួងសុខាភិបាលក៏ដោយ ក៏បុគ្គលិកសុខាភិបាលបន្ទាប់ពីធ្វើតេស្តរហ័សទទួលបានលទ្ធផលបឋមវិជ្ជមានដូចករណីខាង លើនេះ ត្រូវតែធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យសំណាកជាបន្ទាន់ផងដែរ។

ជាមួយគ្នានេះ​ រដ្ឋបាលស្រុក សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានពិសេសភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ទាំងពលរដ្ឋវៀតណាម ក៏ដូចជាពលរដ្ឋខ្មែរយើង មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់គឺត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឲ្យបានម៉ឺងម៉ាត់ ដើម្បីការពារជីវិតខ្លួនយើង និងក្រុមគ្រួសាររបស់យើងក៏ដូចជាសង្គមជាតិយើងផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print