ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌ៧មករា បានបញ្ជូនខ្លួនក្រុមអ្នកបើកល្បែងស៊ីសងភ្នាល់បាល់ចំនួន ៤នាក់ មកសាលាដំបូងរាជធានីភ្នំពេញហើយ បន្ទាប់ពីលោក សេង ហៀង តំណាងអយ្យការបានសាកសួរ បានសម្រេចយកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ ព្រែស កាលពីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ នេះ ។
មន្រី្តនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ជនសង្ស័យដែលបានបញ្ជូនខ្លួននោះ ទី១.ឈ្មោះ ហេត រ៉ានុត ភេទប្រុស អាយុ២២ឆ្នាំ ចោទពីបទបើកគណនីភ្នាល់បាល់ខុសច្បាប់, ទី២.ឈ្មោះ សុវណ្ណ ធារិន ភេទប្រុស អាយុ២១ឆ្នាំ ចោទពីបទទទួលកត់ភ្នាល់បាល់ដោយខុសច្បាប់, ទី៣.ឈ្មោះ លី ដូនី ភេទប្រុស អាយុ២៨ឆ្នាំ ចោទប្រកាន់ពីបទមើលការខុស ត្រូវទីតាំងល្បែងភ្នាល់បាល់ខុសច្បាប់ និង ទី៤.ឈ្មោះ សួង សុភ័ក្រ ភេទស្រី អាយុ២៣ឆ្នាំ ចោទប្រកាន់ពីបទទទួលកត់ភ្នាល់បាល់ដោយខុសច្បាប់ ។ ក្នុងនោះដែរសមត្ថកិច្ចបានរក្សាទុកភស្តុតាងមួយចំនួនដែលបង្ក្រាបបានផងដែរ ។
មន្រី្តនគរបាលដដែលបានរំលឹកថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា សហការជាមួយព្រះអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីល្បែងស៊ីសងភ្នាល់បាល់ តាមអ៊ីនធើណេត មួយកន្លែង នៅផ្ទះលេខ២១E0 ផ្លូវលេខ១៦៣ ភូមិ១០ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយយោងតាមដីកាលេខ០១៨ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញ។នៅពេលនោះសមត្ត្ថកិច្ចចម្រុះបាន ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ និងដកហូតបាន ម៉ាស៊ីនកុំព្យូទ័រចំនួន ១៤គ្រឿង, ទូរទស្សន៍ចំនួន ៤គ្រឿង, ទូរសព្ទ័ដៃចំនួន ៤គ្រឿង, ម៉ាស៊ីនព្រីនធ័រចំនួន ៣គ្រឿង, ប្រាក់ដុល្លារចំនួន ១៨៦ដុល្លារ, ប្រាក់រៀលចំនួន ១៧ម៉ឺនរៀល, ម៉ូតូចំនួន ១៨គ្រឿង និងសម្ភារៈបម្រើឲ្យបទល្មើសល្បែងស៊ីសងមួយចំនួនធំ។
ប្រជាពលរដ្ឋរស់នៅក្បែរនោះបានឲ្យដឹងថា ទីតាំងភ្នាល់បាល់មួយកន្លែងនេះបានបើកលេងជាយូរមកហើយ មិនដែលឃើញអាជ្ញាធរមូលដ្ឋានទៅបង្ក្រាបម្តងណាឡើយ ក្រៅពីចូល ទៅលឹបលមួយភ្លែតត្រឡប់មកវិញ និងទំនងជាបានកាដូកញ្ចប់ដាក់ក្នុងស្រោមសំបុត្រផងក៏ មិនដឹង ទើបទុកឲ្យគេបើកលេងយ៉ាងត្រជាក់ចិត្តយ៉ាងនេះ ៕
ដោយ៖ ស រស្មី