Breaking News, រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលនូវការលើកឡើងនានា ដោយអគតិក្នុងគោលបំណងបង្កចលាចលបំពុលសង្គម រារាំងដល់ដំណើរការបែងចែកអំណោយសង្គ្រោះជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការស្បៀងបន្ទាន់

ចែករំលែក៖

ឮភ្នំពេញ, សេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលនូវការលើកឡើងនានា ដោយអគតិក្នុងគោលបំណងបង្កចលាចលបំពុលសង្គម រារាំងដល់ដំណើរការបែងចែកអំណោយសង្គ្រោះជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការស្បៀងបន្ទាន់ និង សូមឆ្លៀតឱកាសនេះ បន្តអំពាវនាវដល់ដល់សប្បុរសជន ក្រុមហ៊ុន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ គ្រប់មជ្ឈដ្ឋាន សូមបន្តរួមចំណែកតាមលទ្ធភាពក្នុងស្មារតីជាមហាគ្រួសារខ្មែរតែមួយ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ ឱ្យបានជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមនានាជាមតិយោបល់ផ្សេងៗ អំពីយន្តការក្នុងការទទួលអំណោយ ការបែងចែកអំណោយនិងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗថា “មានការរើសអើង” នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចំពោះបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់ជូនដូចខាងក្រោម៖

ចាប់តាំងពីការផ្តើមអនុវត្ត នូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដោយមានការបិទខ្ទប់ផ្នែកខ្លះ នៃខណ្ឌមានជ័យ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ និងការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញទាំងមូល ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ រហូតមកដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានទទួលនូវអំណោយ ដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចវិបុល សេនាភក្តី អំណោយជំនួយសង្គមរបស់រាជរដ្ឋាភិបាល និងអំណោយសង្គ្រោះបន្ទាន់ ពីសប្បុរសជននានាក្នុង វិស័យឯកជនទាំងក្នុងលក្ខណៈជាក្រុមហ៊ុននិងលក្ខណៈបុគ្គល ព្រមទាំងអំណោយរបស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិផ្សេងៗ ពីគ្រប់មជ្ឈដ្ឋាន ។ អំណោយ និងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗ ត្រូវបានរដ្ឋបាលរាជធានី ភ្នំពេញ ដោយមានការចូលរួមដឹកជញ្ជូនពីកម្លាំងកងយោធពលខេមរភូមិន្ទ កម្លាំងបញ្ហាការដ្ឋានកងអង្គរក្សបញ្ជួន មកអាជ្ញាធរមូលដ្ឋាន ធ្វើការរៀបចំចាត់ចែងបែងចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិសាស្ត្រខណ្ឌ ទាំង១៤ សរុបបានចំនួន ១៨៤,៤០៦ គ្រួសារ មិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ ហាលថ្ងៃហាលភ្លៀង ដោយមិនប្រកាន់និន្នាការនយោបាយ ក្នុងគោលបំណងការពារអាយុជីវិតប្រជាពលរដ្ឋ ស្របគ្នានឹងការធានាឱ្យ បាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ដោយផ្តោតជាពិសេសទៅលើប្រជាពលរដ្ឋ ដែលរស់នៅក្នុង តំបន់ក្រហម ។ ចំពោះយន្តការនៃការបែងចែកគឺបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនស្របតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលបង្ហាញរបស់ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ដោយបាន យកចំនួនគ្រួសារ បន្ទប់ជួល និងអ្នកមានជីវភាពខ្វះខាតជាមូលដ្ឋាន និងធ្វើការបែងចែកប្រកបដោយតម្លាភាព បានចំគោលដៅពិតប្រាកដ និងមានភាពឆាប់រហ័ស ព្រមទាំងធានាបាននូវសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ ។

រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលនូវការលើកឡើងនានា ដោយអគតិក្នុងគោលបំណងបង្ក ចលាចលបំពុលសង្គម រារាំងដល់ដំណើរការបែងចែកអំណោយសង្គ្រោះ ជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការ ស្បៀងអាហារបន្ទាន់ និង សូមឆ្លៀតឱកាសនេះ បន្តអំពាវនាវដល់សប្បុរសជន ក្រុមហ៊ុន អង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិ គ្រប់មជ្ឈដ្ឋាន សូមបន្តរួមចំណែកតាមលទ្ធភាពក្នុងស្មារតីជាមហាគ្រួសារខ្មែរតែមួយ ដើម្បី រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ។ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញសូមការយោគយល់ និងអធ្យាស្រ័យខ្ពស់បំផុតដល់ម្ចាស់អំណោយ ដែលមិនអាចចែកជូនដល់ដៃប្រជាពលរដ្ឋ រងគ្រោះដោយផ្ទាល់ ដោយឈរលើមូលហេតុខ្លាចមានការឆ្លងជំងឺកូវីដ-១៩ ដល់អ្នកចូលរួម ហើយរដ្ឋបាល រាជធានីភ្នំពេញ នឹងបន្តធ្វើការបែងចែកអំណោយឱ្យបានចំគោលដៅជូនប្រជាពលរដ្ឋដែលមានតម្រូវការស្បៀង អាហារបន្ទាន់ចំពោះមុខបន្តទៀត ។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀតថា ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នេះ រាជរដ្ឋាភិបាលនឹងបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងប្រឆាំងនឹង ជំងឺកូវីដ-១៩ ដល់គ្រប់ពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំ ឡើងទៅ តាមគោលការណ៍ស្ម័គ្រចិត្ត ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ តាមទីតាំងដែលបានកំណត់ និងគោរពឱ្យបាននូវការរក្សា គម្លាតសុវត្ថិភាពសង្គម រក្សាបាននូវសណ្តាប់ធ្នាប់ល្អ កុំប្រជ្រៀតគ្នា និងគោរព តាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋនិងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print