ភ្នំពេញ, រដ្ឋបាលខណ្ឌសែនសុខ បានច្រានចោលខ្លឹមសារខុសពីការពិត បង្ហោះតាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដោយមានគណនីហ្វេសប៊ុកឈ្មោះ «អ្នកស្រែមិនប្តូរចិត្តថ្មី» បានបង្ហោះសារជាវីឌីអូ ដោយភ្ជាប់មកជាមួយរូបភាពរបស់លោក វឿន ទិត ដែលស្នាក់នៅបន្ទប់ជួល ក្រុមទី១ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ដែលមានខ្លឹមសារថា «អ្នកនៅក្នុងបន្ទប់ជួល ត្រូវបានបិតខ្ទប់២០ថ្ងៃហើយ និងត្រូវបន្ត១៤ថ្ងៃទៀត ដាច់ស្បៀងហើយ។
នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌសែនសុខ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០២១ មានគណនីហ្វេសបុកឈ្មោះ អ្នកស្រែមិនប្តូរចិត្តថ្មី បានបង្ហោះសារជាវីឌីអូ ដោយភ្ជាប់មកជាមួយរូបភាព របស់លោក វឿន ទិត ដែលមានទីលំនៅ ស្ថិតនៅ ក្រុមទី១ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដែលមានខ្លឹមសារថា ” អ្នក នៅក្នុងបន្ទប់ជួល ត្រូវបានបិទខ្ទប់២០ថ្ងៃហើយ និងត្រូវបន្ត១៤ថ្ងៃទៀត ដាច់ស្បៀងហើយ…” ។
ចំពោះករណីខាងលើនេះ រដ្ឋបាលខណ្ឌសែនសុខ សូមធ្វើការស្រាយបំភ្លឺជូនសាធារណជនដូចខាងក្រោម៖
លោក វឿន ទិត រស់នៅក្នុងបន្ទប់ជួលក្រុមទី១ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។ ទីតាំងនេះ ត្រូវបានអនុវត្តវិធានការបិទខ្ទប់នៅវេលាម៉ោង០០:០០នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដូចប្រជាពលរដ្ឋដទៃទៀត ក្នុងរាជធានីភ្នំពេញផងដែរ។ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅប្លុកដែល លោក វឿន ទិត រស់នៅ ត្រូវបានរកឃើញអ្នកដែលមានវិជ្ជមានជំងឺកូវីដ-១៩ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ដូចនេះ អ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល ត្រូវបានយកសំណាក ហើយបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃបន្តទៀត។
ក្រោយពីបានទទួលពត៌មាន រដ្ឋបាលខណ្ឌសែនសុខបានចាត់ក្រុមការងារនាំយកអំណោយសង្គ្រោះ ទៅ ប្រគល់ជូនអ្នកដែលនៅតំបន់ខាងលើចំនួន២៥គ្រួសារ ទាំងយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ។ ដូចនេះ រដ្ឋបាលខណ្ឌ សូមធ្វើការច្រានចោលទាំងស្រុងចំពោះវីឌីអូដែលបានផ្សព្វផ្សាយ ដោយគណនីឈ្មោះ (អ្នកស្រែមិនប្ដូរចិត្តថ្មី) បានធ្វើអោយមានការយល់ច្រលំថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើ ត្រូវបានបិទខ្ទប់រយៈពេល២០ថ្ងៃហើយ នឹងត្រូវ បានបន្តរយៈពេល១៤ថ្ងៃទៀត។
ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌនឹងខិតបន្តទៀត ក្នុងការដឹកជញ្ជូនអំណោយសង្គ្រោះ ជូនដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាតក្នុងមូលដ្ឋានអោយបានគ្រប់គ្នា និងឆាប់រហ័សបំផុត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងមេត្តាបញ្ឈប់ការ ផ្សព្វផ្សាយព័ត៌មានខាងលើបន្តទៀត ដើម្បីកុំអោយមានការភាន់ច្រឡំបន្តទៀត៕
ដោយ, សុខ ខេមរា