ក្រសួងសុខាភិបាល៖ កំណត់ឲ្យខេត្តកំពង់ចាម, តាកែវ និងកំពង់ស្ពឺ ជាភូមិសាស្ដ្រត្រូវអនុវត្តកាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព​ ព្រោះ​ខេត្តទាំងបីនេះកំពុងផ្ទុះរាលដាលជំងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ​៖ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានកំណត់យកខេត្តកំពង់ចាម, តាកែវ និងខេត្តកំពង់ស្ពឺបន្ថែមទៀត ជាភូមិសាស្ដ្រត្រូវអនុវត្តកាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព​ ពីព្រោះ​ខេត្តទាំងបីនេះ បាននិងកំពុងផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។

នៅក្នុង​សេចក្ដីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល​ បានបញ្ជាក់ថា​ ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតនេះ ត្រូវបានកំណត់ក្នុងប្រការ៣ និងប្រការ៤ នៃប្រកាសលេខ០៨១ ស.នប.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

ជាក់ស្ដែង​ក្រសួងសុខាភិបាល​ បានអះអាងថា ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

គួរបញ្ជាក់ថា​ ចំពោះ​បុគ្គលដែលកំពុងស្ថិតនៅតាមទីសាធារណៈដែលមានមនុស្សច្រើន ឬទីកន្លែងដែលមានការជួបជុំមនុស្សចាប់ពី ២នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស ហើយបើមិនពាក់ម៉ាសទេ ត្រូវពិន័យពី ២០ម៉ឺនរៀល ទៅ១លានរៀល៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print