ហ្វីលីពីន៖​ រកឃើញអ្នកឆ្លងវីរុសកូរ៉ូណាចំនួនពីរករណីបំប្លែងថ្មី​ មានប្រភពដើមពីឥណ្ឌា

ចែករំលែក៖

អន្តរជាតិ​៖ នៅព្រឹកថ្ងៃអង្គារទី១១ ខែឧសភា ឆ្នាំ២០២១នេះ​ អាជ្ញាធរសុខាភិបាលហ្វីលីពីន បានប្រកាសថា ខ្លួនបានពិនិត្យរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី B1617 ដែលមានប្រភពដើមពីឥណ្ឌាចំនួន ០២ករណីដំបូង ខណៈអង្គការសុខភាពពិភពលោក (WHO) ទើបតែបានប្រកាសចាត់ទុកថា វីរុសបំប្លែងថ្មីមួយនេះ ជាវីរុសបង្កក្តីព្រួយបារម្ភខ្លាំងជាសកល។

បើតាមទីភ្នាក់ងារសារព័ត៌មាន CNA​ បានដកស្រង់ចេញផ្សាយពីអាជ្ញាធរសុខាភិបាលហ្វីលីពីន​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ អ្នកផ្ទុកវីរុស COVID-19 បំប្លែងថ្មីទាំងពីរនាក់ខាងលើនេះ គឺសុទ្ធសឹងជាជនជាតិហ្វីលីពីន ដោយម្នាក់បានធ្វើដំណើរត្រឡប់មកពីប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងម្នាក់ទៀតមកពីប្រទេសអូម៉ង់ កាលពីអំឡុងខែមេសាកន្លងទៅនេះ។ ពួកគេទាំងពីរនាក់ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅក្រោយការត្រលប់មកវិញភ្លាមៗ ហើយក្រោយមកទើបត្រូវបានធ្វើតេស្ត រកឃើញវីរុសបំប្លែងថ្មីមានប្រភពដើមពីឥណ្ឌានោះតែម្តង។

គួរជម្រាបថា​ ប្រទេសហ្វីលីពីនកន្លងមកនេះ ដើម្បីទប់ទល់នឹងវីរុស COVID-19 បំប្លែងថ្មី បានសម្រេចហាមឃាត់អ្នកដំណើរ ជាបណ្តោះអាសន្នមកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា នេប៉ាល់ និងបង់ក្លាដែស។

ដោយ​ឡែក​ហ្វីលីពីន​ បេីគិតត្រឹមថ្ងៃចន្ទទី១០​ ខែឧសភា​ម្សិលមិញនេះ មានករណីឆ្លង COVID-19 សរុប ១,១០៨,៨២៦ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១៨,៥៦២នាក់ និងជាសះស្បើយវិញ ១,០៣០,៣៦៧នាក់៕ដោយ​៖ស​ តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print