ខេត្តកំពង់ចាម៖ បេីយោងតាមសេចក្ដីសម្រេចរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបើកដំណើរការឡើងវិញនៅភូមិ-ឃុំមួយចំនួន ក្នុងមូលដ្ឋានស្រុកកងមាស បន្ទាប់ពីបិទខ្ទប់អស់មួយរយៈដេីម្បីទប់ស្កាត់ នៃជំងឺកូវីដ-១ ខណៈដែលអាជ្ញាធរ រកឃើញប្រជាពលរដ្ឋមានកើតជំងឺកូវីដ។
ជាក់ស្ដែងនៅក្នុងសេចក្ដីសម្រេចរបស់លោក អ៊ុន ចាន់ដា បានបញ្ជាក់យ៉ាងដូច្នេះថា៖ ភូមិ-ឃុំ ដែលត្រូវបើកដំណើរការឡើងវិញ នៅស្រុកកងមាស ទាំងនោះរួមមាន៖ ឃុំស្ដៅ ,ឃុំរកាអារ ,ឃុំកងតាណឹង, ភូមិអន្លង់គគីរ និងភូមិគងជ័យ ឃុំព្រែកុយ។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១២ ខែឧសភានេះដែរ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសពីការរកឃើញមនុស្សចំនួន៥នាក់បន្ថែមទៀត ដែលបានឆ្លងជំងឺកូវីដ១៩ (ម្នាក់មកពីរាជធានីភ្នំពេញ) និងម្នាក់ទៀតជាសះស្បើយពីជំងឺនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នេះ រស់នៅស្រុកកងមាស ចំនួន៤នាក់ និងម្នាក់ទៀត រស់នៅក្រុងកំពង់ចាម។
រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្ដស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ តាមរយៈទូរស័ព្ទលេខ 070 828 788 / 012 736 755៕ដោយ៖សហការី
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម មានដូចខាងក្រោម៖