ភ្នំពេញ, សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាអន្ដរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១
បងប្អូនជនរួមជាតិ មេគ្រួសារទាំងអស់ជាទីស្រឡាញ់រាប់អាន !
នៅក្នុងឱកាសដ៏មហោឡារិកនៃ ទិវាអន្តរជាតិស្តីពីគ្រួសារ ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី១៥ ខែឧសភា ជា រៀងរាល់ឆ្នាំ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងក្នុងនាមខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវការអបអរសាទរនិងគាំទ្រយ៉ាង ក្លៀវក្លាចំពោះការប្រារព្ធទិវាអន្តរជាតិដ៏មានសារៈសំខាន់នេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅក្នុងឆ្នាំនេះ យើង ប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារនេះ ក្រោមប្រធានបទ “កម្លាំងសេវាសង្គមមានតួនាទីយ៉ាងសំខាន់ក្នុង ការលើកកម្ពស់តួនាទីគ្រួសារ ដែលបង្ហាញយ៉ាងច្បាស់នូវអត្ថន័យថាកម្លាំងសេវាសង្គម គឺជាក្រុមជនអ្នកមាន ជំនាញផ្នែកផ្តល់សេវាសង្គម ដូចជាការងារសង្គមកិច្ច អប់រំ សុខាភិបាល យុត្តិធម៌ ការងារ និងការគ្រប់គ្រងមូលដ្ឋាន ក្នុងការជួយគាំទ្រដល់គ្រួសារ ពិតជាកោសិកាមួយដ៏សំខាន់ក្នុងការដើរតួនាទីជាកម្លាំងចលករក្នុងការជំរុញកិច្ចអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ពិសេសការរក្សាបាននូវសន្តិភាពដែលជាកត្តាជំរុញក្នុងការរក្សាបាននូវតុល្យភាពសង្គម និងស្ថិរភាពជាតិ ពិសេសការជំរុញនូវការអនុវត្តប្រព័ន្ធគាំពារសង្គមនៅក្នុងប្រទេសកម្ពុជាស្របពេលកម្ពុជាកំពុងអនុវត្ត យ៉ាងសកម្ម និងទទួលផលពីក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលគោលនយោបាយ នេះ កំពុងផ្តោតជាចម្បងដល់ការលើកកម្ពស់ជីវភាពគ្រួសារតាមរយៈការផ្តល់មុខរបរ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធានា រ៉ាប់រងសុខភាព និងការឧបត្ថម្ភសាច់ប្រាក់សម្រាប់កញ្ចប់គ្រួសារក្រីក្រដូចជាស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ និងផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្ររងគ្រោះនិងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ មនុស្សវ័យចាស់ គ្មានទីពឹង ជនពិការក្រីក្រ។ល។
ក្នុងឆ្នាំ២០២១នេះ ព្រះរាជាណាចក្រកម្ពុជាពុំបានរៀបចំទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ដូចបណ្ដាឆ្នាំ កន្លងទៅទេដោយសារតែបញ្ហាជំងឺកូវីដ-១៩ ដែលនៅបន្តរីករាលដាលយ៉ាងស្រួចស្រាវ ជាពិសេសនៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈដែលតម្រូវឱ្យមានការចូលរួមសហការទាំងអស់គ្នាក្នុងការទប់ស្កាត់តាមវិធានការរបស់អង្គការសុខភាព ពិភពលោក និងក្រសួងសុខាភិបាល ។ អស់រយៈពេលជាង១ឆ្នាំមកនេះ ការរីករាលដាលជំងឺកូវីដ-១៩ រួមទាំងការបំប្លែង ខ្លួន ជាមេរោគប្រភេទថ្មីផងនោះ បាននឹងកំពុងរាតត្បាតយ៉ាងស្រួចស្រាវ និងជះឥទ្ធិពលជាអវិជ្ជមានមកលើសង្គម សេដ្ឋកិច្ច ។
សូមអានខ្លឹមសារទាំងស្រុង នៃសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អបអរសាទរ ខួបលើកទី២៦ ទិវាអន្តរជាតិគ្រួសារ ១៥ ឧសភា ២០២១ ក្រោមប្រធានបទ “កម្លាំងសេវាសង្គមមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់តួនាទីគ្រួសារ” ដូចខាងក្រោម ៕
ដោយ, សិលា