រថភ្លើង​បុក​គ្នា​នៅ​អាហ្វ្រិក​ខាងត្បូង​របួស​យ៉ាងតិច​១៥០​នាក់

ចែករំលែក៖

មន្ត្រី​អាហ្វ្រិក​ខាងត្បូង​បាន​បញ្ជាក់​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​១៥០​នាក់​បាន​រង​របួស​ បន្ទាប់​ពី​រថភ្លើង​២​គ្រឿង​បុក​គ្នា​កាលពី​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៥​ ។​ ហេតុការណ៍​បាន​កើតឡើង​ស្ថិត​នៅ​ភាគ​ខាងត្បូង​តំបន់​ Johannesburg​ ។​ ប៉ុន្តែ​គ្មាន​សេចក្តីរាយការណ៍​បញ្ជាក់​ប្រាប់​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ឡើយ​។​ ​សេចក្តីរាយការណ៍​បញ្ជាក់​ថា​ រថភ្លើង​មួយ​គ្រឿង​បាន​បើក​ចូល​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​ទៀត​នៅ​ជិត​ស្ថានីយ​រថភ្លើង​ Booysens​ ស្រប​ពេល​ដែល​មាន​រថភ្លើង​មួយ​ខ្សែ​ទៀត​មក​ដល់​ក៏​បុក​គ្នា​តែ​ម្តង​ ស្ថិត​នៅ​រដ្ឋធានី​សេដ្ឋកិច្ច​អាហ្វ្រិក​ភាគ​ខាងត្បូង​។​ ​អ្នកនាំពាក្យ​មន្ទីរពេទ្យ​ ER24​ ក្នុង​តំបន់​ លោក​ Russel​ Meiring​ បាន​ថ្លែង​ថា​ «​យើង​មិនដឹង​ចំនួន​អ្នក​រង​របួស​ពិតប្រាកដ​នោះ​ទេ​ ប៉ុន្តែ​ទោះបី​យ៉ាងណា​មាន​អ្នក​រង​របួស​ជាង​១៥០​នាក់​»​។​ មនុស្ស​ជាង​១០០​នាក់​ត្រូវ​បញ្ជូន​ពី​កន្លែង​កើតហេតុ​ទៅ​កាន់​មន្ទីរពេទ្យ​។​ គេ​មាន​ជំនឿ​ថា​ គ្មាន​ជន​រង​គ្រោះ​ណា​ម្នាក់​ទៀត​ទេ​ដែល​ជាប់​នៅ​ខាងក្នុង​ទូរថភ្លើង​បន្ទាប់​ពី​ហេតុការណ៍​កើតឡើង​នេះ​។​ ​ប្រភព​បញ្ជាក់​ថា​ គ្មាន​សេចក្តីរាយការណ៍​ពី​គ្រោះថ្នាក់​រហូត​បាត់​បង់ជីវិត​នោះ​ទេ​។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​ អ្នក​រង​របួស​មាន​រហូត​ជាង​២០០​នាក់​។​ សាក្សី​នៅ​កន្លែង​កើតហេតុ​បញ្ជាក់​ថា​ រថភ្លើង​មួយ​ខ្សែ​រត់​ធ្លាក់​ចេញពី​ផ្លូវដែក​ ហើយ​បុក​ជាមួយ​រថភ្លើង​មួយ​គ្រឿង​ផ្សេង​ទៀត​តែ​ម្តង​។​ ​អាជ្ញាធរ​ផ្លូវដែក​បាន​បញ្ជាក់​ថា​ មូលហេតុ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​កើតឡើង​គឺ​នៅ​មិន​ទាន់​កំណត់​ច្បាស់លាស់​នៅឡើយ​ទេ​ ពីព្រោះ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​ ។​ ស្ថិត​នៅ​ដំណាក់កាល​នេះ​ គេ​នាំ​គ្នា​ខ្វល់ខ្វាយ​ជួយ​ដល់​ជន​រង​គ្រោះជា​មុន​សិន​។​ ​ក្រុម​សង្គ្រោះ​បន្ទាន់​ត្រូវ​គេ​រិះគន់​ថា​ យឺតយ៉ាវ​ក្នុង​តួនាទី​ភារកិច្ច​របស់​ខ្លួន​ ។​ អ្នក​រង​របួស​ភាគច្រើន​រង់ចាំ​យ៉ាង​យូរ​ទម្រាំ​រថយន្ត​សា​មុ​យមក​ដល់​ ។​ អ្នក​រង​របួស​ខ្លះ​ទទួល​ការ​ព្យាបាល​នៅ​កន្លែង​កើតហេតុ​នោះ​តែ​ម្តង​។​ រីឯ​អ្នក​រង​របួស​ខ្លះ​ទៀត​ចូល​សម្រាក​នៅ​លំនៅ​ឋាន​ពលរដ្ឋ​ដែល​នៅ​ជិត​នោះ​។​ អ្នក​ដែល​មិន​ទទួល​រង​របួស​ត្រូវ​រថយន្តក្រុង​មក​ដល់​បន្តដំណើរ​ត្រឡប់​ទៅ​កាន់​គោលដៅ​រៀងៗ​ខ្លួន​ ។​ ​គេ​នៅ​ចាំ​បាន​ថា​ ហេតុការណ៍​គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​បាន​កើតឡើង​ចុង​ក្រោយ​នៅ​អាហ្វ្រិក​ខាងត្បូង​គឺ​ក្នុង​ខែមេសា​ ឆ្នាំ​២០១៥​ បណ្តាល​ឲ្យ​សន្តិសុខ​ម្នាក់​បាត់បង់​ជីវិត​ និង​២៤០​នាក់​រង​របួស​ ៕

southarfcri

...

southarfcri-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print