មន្ត្រីអាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស១៥០នាក់បានរងរបួស បន្ទាប់ពីរថភ្លើង២គ្រឿងបុកគ្នាកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ ។ ហេតុការណ៍បានកើតឡើងស្ថិតនៅភាគខាងត្បូងតំបន់ Johannesburg ។ ប៉ុន្តែគ្មានសេចក្តីរាយការណ៍បញ្ជាក់ប្រាប់ពីគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ សេចក្តីរាយការណ៍បញ្ជាក់ថា រថភ្លើងមួយគ្រឿងបានបើកចូលផ្លូវរថភ្លើងមួយខ្សែទៀតនៅជិតស្ថានីយរថភ្លើង Booysens ស្របពេលដែលមានរថភ្លើងមួយខ្សែទៀតមកដល់ក៏បុកគ្នាតែម្តង ស្ថិតនៅរដ្ឋធានីសេដ្ឋកិច្ចអាហ្វ្រិកភាគខាងត្បូង។ អ្នកនាំពាក្យមន្ទីរពេទ្យ ER24 ក្នុងតំបន់ លោក Russel Meiring បានថ្លែងថា «យើងមិនដឹងចំនួនអ្នករងរបួសពិតប្រាកដនោះទេ ប៉ុន្តែទោះបីយ៉ាងណាមានអ្នករងរបួសជាង១៥០នាក់»។ មនុស្សជាង១០០នាក់ត្រូវបញ្ជូនពីកន្លែងកើតហេតុទៅកាន់មន្ទីរពេទ្យ។ គេមានជំនឿថា គ្មានជនរងគ្រោះណាម្នាក់ទៀតទេដែលជាប់នៅខាងក្នុងទូរថភ្លើងបន្ទាប់ពីហេតុការណ៍កើតឡើងនេះ។ ប្រភពបញ្ជាក់ថា គ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់រហូតបាត់បង់ជីវិតនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានបញ្ជាក់ថា អ្នករងរបួសមានរហូតជាង២០០នាក់។ សាក្សីនៅកន្លែងកើតហេតុបញ្ជាក់ថា រថភ្លើងមួយខ្សែរត់ធ្លាក់ចេញពីផ្លូវដែក ហើយបុកជាមួយរថភ្លើងមួយគ្រឿងផ្សេងទៀតតែម្តង។ អាជ្ញាធរផ្លូវដែកបានបញ្ជាក់ថា មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កើតឡើងគឺនៅមិនទាន់កំណត់ច្បាស់លាស់នៅឡើយទេ ពីព្រោះស្ថិតនៅក្រោមការស៊ើបអង្កេត ។ ស្ថិតនៅដំណាក់កាលនេះ គេនាំគ្នាខ្វល់ខ្វាយជួយដល់ជនរងគ្រោះជាមុនសិន។ ក្រុមសង្គ្រោះបន្ទាន់ត្រូវគេរិះគន់ថា យឺតយ៉ាវក្នុងតួនាទីភារកិច្ចរបស់ខ្លួន ។ អ្នករងរបួសភាគច្រើនរង់ចាំយ៉ាងយូរទម្រាំរថយន្តសាមុយមកដល់ ។ អ្នករងរបួសខ្លះទទួលការព្យាបាលនៅកន្លែងកើតហេតុនោះតែម្តង។ រីឯអ្នករងរបួសខ្លះទៀតចូលសម្រាកនៅលំនៅឋានពលរដ្ឋដែលនៅជិតនោះ។ អ្នកដែលមិនទទួលរងរបួសត្រូវរថយន្តក្រុងមកដល់បន្តដំណើរត្រឡប់ទៅកាន់គោលដៅរៀងៗខ្លួន ។ គេនៅចាំបានថា ហេតុការណ៍គ្រោះថ្នាក់រថភ្លើងបុកគ្នាបានកើតឡើងចុងក្រោយនៅអាហ្វ្រិកខាងត្បូងគឺក្នុងខែមេសា ឆ្នាំ២០១៥ បណ្តាលឲ្យសន្តិសុខម្នាក់បាត់បង់ជីវិត និង២៤០នាក់រងរបួស ៕
រថភ្លើងបុកគ្នានៅអាហ្វ្រិកខាងត្បូងរបួសយ៉ាងតិច១៥០នាក់
...