ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងអស់ចំនួន៥កង់ ត្រូវបានរងការខូចខាត ដោយសារតែ រថយន្តមា៉ក Camry បាឡែន មួយគ្រឿងបានបើកជ្រុល ទៅបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១២និង៣៥នាទីយប់ រំលងរាត្រីឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាល់វង ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញរថយន្តមួយគ្រឿងម៉ាក Camry បាឡែន ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1AE-2371 បានបើកធ្វើដំណើរ តាមបណ្ដោយផ្លូវ ព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុដែលជាផ្លូវកោងរថយន្តមិនព្រមបន្ថយល្បឿន ក៏រ៉េចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតអស់៥កង់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ ចំណុចកើតហេតុបានស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ៖ ស រស្មី