ថៃ៖​ អ្នកជំងឺកូវីដ​-១៩​ ចំនួន​ ៣០​នាក់ទៀតបានស្លាប់​ និងបន្ត​រកឃើញអ្នកឆ្លងថ្មី ជិត​ ៣ពាន់​នាក់​

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅថ្ងៃចន្ទនេះ​ដែរថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ​ អាជ្ញាធរ​ថៃ​ រកឃើញ​ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២,៧១៣នាក់ ខណៈ​អ្នកជំងឺកូវីដ​ ចំនួន​ ៣០នាក់ទៀត​បានស្លាប់។

ក្រសួងសុខាភិបាលថៃ​ បានបញ្ជាក់ទៀតថា​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ​ រកឃើញ​ទណ្ឌិតនៅតាមពន្ធនាគារមានចំនួន២០៦នាក់។ ក្រៅពីអ្នកឆ្លង និងស្លាប់ ក៏មានអ្នកជំងឺ ១,៥៦៥នាក់ ទទួលបានការព្យាបាលជាសះស្បើយ​ បានចាកចេញពីមន្ទីរពេទ្យ ផងដែរ។

គួរជម្រាបថា​ គិតចាប់តាំងពីការឆ្លងរាតត្បាតរលកថ្មី បានផ្ទុះឡើងនៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីខែមេសាកន្លងទៅ ថៃមានអ្នកឆ្លង COVID-19 សរុបកើនដល់ ១០៣,៣៥០នាក់។​ បើរាប់ចាប់តាំងពី COVID-19 បានរាលដាលចូលដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ឥឡូវនេះវិញ ថៃបានកត់ត្រាករណីឆ្លងចំនួន ១៣២,២១៣ករណី ក្នុងនោះស្លាប់ ៨០៦នាក់ និងជាសះស្បើយ ៨៦,១០០នាក់។

ដោយឡែក​សម្រាប់ការចាក់វ៉ាក់សាំងវិញ គិតត្រឹមចុងសប្តាហ៍មុននេះ ថៃសម្រេចបាន ២.៨៧លានដូស ក្នុងនោះប្រជាជន ១.៩លាននាក់បានទទួលការចាក់ដូសដំបូង (២.៧% នៃចំនួនប្រជាជនសរុប) និង ០.៩៦លាននាក់ទទួលបានការចាក់គ្រប់ដូស (១.៤% នៃចំនួនប្រជាជនសរុប)។ ចំនួនប្រជាជនថៃសរុបគឺជិត ៧០លាននាក់៕ដោយ​៖ស​ តារា​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print