អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅថ្ងៃចន្ទនេះដែរថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ អាជ្ញាធរថៃ រកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២,៧១៣នាក់ ខណៈអ្នកជំងឺកូវីដ ចំនួន ៣០នាក់ទៀតបានស្លាប់។
ក្រសួងសុខាភិបាលថៃ បានបញ្ជាក់ទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ រកឃើញទណ្ឌិតនៅតាមពន្ធនាគារមានចំនួន២០៦នាក់។ ក្រៅពីអ្នកឆ្លង និងស្លាប់ ក៏មានអ្នកជំងឺ ១,៥៦៥នាក់ ទទួលបានការព្យាបាលជាសះស្បើយ បានចាកចេញពីមន្ទីរពេទ្យ ផងដែរ។
គួរជម្រាបថា គិតចាប់តាំងពីការឆ្លងរាតត្បាតរលកថ្មី បានផ្ទុះឡើងនៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីខែមេសាកន្លងទៅ ថៃមានអ្នកឆ្លង COVID-19 សរុបកើនដល់ ១០៣,៣៥០នាក់។ បើរាប់ចាប់តាំងពី COVID-19 បានរាលដាលចូលដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ឥឡូវនេះវិញ ថៃបានកត់ត្រាករណីឆ្លងចំនួន ១៣២,២១៣ករណី ក្នុងនោះស្លាប់ ៨០៦នាក់ និងជាសះស្បើយ ៨៦,១០០នាក់។
ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងវិញ គិតត្រឹមចុងសប្តាហ៍មុននេះ ថៃសម្រេចបាន ២.៨៧លានដូស ក្នុងនោះប្រជាជន ១.៩លាននាក់បានទទួលការចាក់ដូសដំបូង (២.៧% នៃចំនួនប្រជាជនសរុប) និង ០.៩៦លាននាក់ទទួលបានការចាក់គ្រប់ដូស (១.៤% នៃចំនួនប្រជាជនសរុប)។ ចំនួនប្រជាជនថៃសរុបគឺជិត ៧០លាននាក់៕ដោយ៖ស តារា
រូបភាព៖ឯកសារ