ប្រភពពីកម្លាំងសន្តិសុខបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស៤០នាក់បានបាត់បង់ជីវិត និង៥០នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីហេតុការណ៍វាយប្រហារគ្រាប់បែកទៅលើរថយន្តធុនធំស្ថិតនៅភាគខាងជើងទីក្រុងបាដាដកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សេចក្តីរាយការណ៍បានបញ្ជាក់ថា រថយន្តធុនធំដឹកគ្រឿងផ្ទុះ ពេលទៅដល់កណ្តាលផ្សារក្នុងទីប្រជុំជនមួយហើយស្រាប់តែផ្ទុះឡើងនៅក្នុងតំបន់ ឃានបានីសេដ ចម្ងាយ១០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង បាកូបា ដែលនៅតំបន់នេះមានពលរដ្ឋមូស្លីមនិកាយស៊ីអ៊ីដរស់នៅភាគច្រើននោះ។ ប្រភពបានបណ្ជាក់ថា ហេតុការណ៍បំផ្ទុះនេះបានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៤០នាក់ ។ សាកសពដាច់ជាបំណែកៗ ដោយសារតែឥទ្ធិលផ្ទុះមានកម្លាំងខ្លាំងពេក។ ប្រភពបន្តថា ជនរងគ្រោះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែលនៅជិតនោះដើម្បីព្យាបាល និងសង្គ្រោះបន្ទាន់ ខណៈដែលមានការអះអាងថា ជនរងគ្រោះបាត់បង់ជីវិតមានការកើនឡើងជាបន្តបន្ទាប់ ដោយសារតែអ្នករងរបួសធ្ងន់មានចំនួនច្រើននោះ។ កម្លាំងសន្តិសុខបានឡោមព័ទ្ធទីតាំងកើតហេតុនេះ ដោយខ្លាចមានការវាយប្រហារ ឬបំផ្ទុះគ្រាប់បែកកើតឡើងជាថ្មី។ ការវាយប្រហារនេះបានបណ្តាលឲ្យហាងលក់ទំនិញ លំនៅឋានប្រជាពលរដ្ឋ និងរថយន្តជាច្រើនគ្រឿងរងការខូចខាត។ ស្ថានការណ៍សន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់នៅពេលនេះមិនខុសគ្នាកាលពីខែមិថុនា ឆ្នាំ២០១៤នោះឡើយ។ កាលណោះមានផ្ទុះអំហើហិង្សាបង្ហូរឈាមបានកើតឡើងរវាងកម្លាំងសន្តិសុខរដ្ឋាភិបាល នឹងក្រុមឧទ្ទារដ្ឋអិស្លាម IS ៕
វាយប្រហារគ្រាប់បែកភាគខាងជើងទីក្រុងបាដាដស្លាប់មនុស្សយ៉ាងតិច៤០នាក់
...