អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយនៅព្រឹកថ្ងៃអង្គារទី១ ខែមិថុនា ឆ្នាំ២០២១នេះថា៖ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 លោក រ៉ូឌ្រីហ្គោ ឌូតើតេ ប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសសម្រេចបន្តអនុវត្តវិធានការបិទខ្ទប់មួយផ្នែកនៅក្នុងរដ្ឋធានីម៉ានីល និងខេត្តនៅក្បែរខាង រហូតដល់ពាក់កណ្ដាលខែមិថុនា បើទោះជាចំនួនករណីឆ្លងបានធ្លាក់ចុះក៏ដោយ។
ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយបន្ថែមថា បើយោងតាមវិធានការបិទខ្ទប់មួយផ្នែកខាងលើនេះ គឺការជួបជុំបែបសាសនាត្រូវបានអនុញ្ញាតឱ្យមានអ្នកចូលរួម ៣០ភាគរយប៉ុណ្ណោះ។ ចំណែកនៅតាមភោជនីយដ្ឋាននានា ត្រូវបានកំណត់ ត្រឹម ២០ភាគរយ ហើយការធ្វើដំណើរដែលគ្មានភាពចាំបាច់នៅតែត្រូវហាមឃាត់ដដែល។
ជាមួយគ្នានេះ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតើតេ ចំពោះការបន្តអនុវត្តវិធានការបិទខ្ទប់ ក៏បានសម្រេចចិត្តពន្យារពេលបម្រាមលើអ្នកដំណើរមកពីប្រទេសឥណ្ឌា, ប៉ាគីស្ថាន, ស្រីលង្កា, បង់ក្លាដែស, នេប៉ាល់, អូម៉ង់, និងអេមីរ៉ាត់អារ៉ាប់រួម រហូតដល់ថ្ងៃទី១៥ ខែមិថុនានេះ។
ដោយឡែកបើតាមគេហទំព័រ worldometers បានបញ្ជាក់ថា ប្រទេសហ្វីលីពីន មានអ្នកឆ្លង COVID-19 សរុប ១,២៣០,៣០១នាក់ ក្នុងនោះស្លាប់ ២០,៩៦៦នាក់ និងជាសះស្បើយឡើងវិញ ១,១៥៥,០៤៥នាក់ គិតត្រឹមថ្ងៃចន្ទទី៣១ ខែឧសភា ឆ្នាំ២០២១៕ដោយ៖ស តារា