ហ្វីលីពីន៖​ ចេញបម្រាមលើអ្នកដំណើរមកពីប្រទេសជាច្រើន​ និងបន្តបិទខ្ទប់រដ្ឋធានីម៉ានីល​ ដើម្បីទប់ស្កាត់​ COVID-19

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយ​នៅព្រឹក​ថ្ងៃអង្គារទី១ ខែមិថុនា ឆ្នាំ២០២១នេះថា៖​​ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 លោក រ៉ូឌ្រីហ្គោ ឌូតើតេ ប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃចន្ទម្សិលមិញនេះ​ បានប្រកាសសម្រេចបន្តអនុវត្តវិធានការបិទខ្ទប់មួយផ្នែកនៅក្នុងរដ្ឋធានីម៉ានីល និងខេត្តនៅក្បែរខាង រហូតដល់ពាក់កណ្ដាលខែមិថុនា បើទោះជាចំនួនករណីឆ្លងបានធ្លាក់ចុះក៏ដោយ។

ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយបន្ថែមថា​ បើយោងតាមវិធានការបិទខ្ទប់មួយផ្នែកខាងលើនេះ គឺការជួបជុំបែបសាសនាត្រូវបានអនុញ្ញាតឱ្យមានអ្នកចូលរួម ៣០ភាគរយប៉ុណ្ណោះ។ ចំណែក​នៅតាមភោជនីយដ្ឋាននានា​ ត្រូវ​បានកំណត់ ត្រឹម ២០ភាគរយ ហើយការធ្វើដំណើរដែលគ្មានភាពចាំបាច់នៅតែត្រូវហាមឃាត់ដដែល។

ជាមួយគ្នានេះ​ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតើតេ​ ចំពោះ​ការបន្តអនុវត្តវិធានការបិទខ្ទប់​ ក៏បានសម្រេចចិត្តពន្យារពេលបម្រាមលើអ្នកដំណើរមកពីប្រទេសឥណ្ឌា, ប៉ាគីស្ថាន, ស្រីលង្កា, បង់ក្លាដែស, នេប៉ាល់, អូម៉ង់, និងអេមីរ៉ាត់អារ៉ាប់រួម រហូតដល់ថ្ងៃទី១៥ ខែមិថុនានេះ។

ដោយ​ឡែក​បើតាមគេហទំព័រ worldometers បានបញ្ជាក់ថា​ ប្រទេស​ហ្វីលីពីន​ មានអ្នកឆ្លង COVID-19 សរុប ១,២៣០,៣០១នាក់ ក្នុងនោះស្លាប់ ២០,៩៦៦នាក់ និងជាសះស្បើយឡើងវិញ ១,១៥៥,០៤៥នាក់​ គិតត្រឹមថ្ងៃចន្ទទី៣១​ ខែឧសភា​ ឆ្នាំ​២០២១៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print